នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបរួមមាន អ្នកឧកញ៉ា គិត ម៉េង លោកអ្នកឧកញ៉ា លាង ឃុន លោកអ្នកឧកញ៉ា លី ហួរ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អ្នកឧកញ៉ា សំ អាង និងលោកជំទាវអ្នកឧកញ៉ា អ្នកឧកញ៉ា ថៃ ជាហួត អ្នកឧកញ៉ា អ៊ាន អេឡែន អ្នកឧកញ៉ា លី ឃុនថៃ អ្នកឧកញ៉ា សំ សុខនឿន ឧកញ៉ា តាន់ មុនីវណ្ណ ឧកញ៉ា ស៊ិន ចន្ធី ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ាៗ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ៕














