សិង្ហបុរី បានផ្តួលឥណ្ឌូណេស៊ីដើម្បីក្លាយជាទីផ្សារភាគហ៊ុនធំជាងគេនៅអាស៊ីអាគ្នេយ៍ ខណៈដែលតម្លៃទីផ្សាររបស់ប្រទេសនេះ បានធ្លាក់ចុះដោយសារតែទស្សនវិស័យមិនច្បាស់លាស់។

មូលធនទីផ្សារសរុបរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅឥណ្ឌូណេស៊ីបានធ្លាក់ចុះជាង ៣០% ពីកម្រិតកំពូលនៅខែមករារបស់ខ្លួនមកត្រឹម ៦១៨ពាន់លានដុល្លារ ខណៈពេលដែលតម្លៃទីផ្សាររបស់សិង្ហបុរី បានកើនឡើងដល់ ៦៤៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលដកស្រង់ដោយសារព័ត៌មាន Bloomberg។
អារម្មណ៍របស់វិនិយោគិនចំពោះប្រទេសឥណ្ឌូណេស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែភាពមិនប្រាកដប្រជាលើការដាក់ចំណាត់ថ្នាក់ឡើងវិញនៃទីផ្សារភាគហ៊ុនរបស់ខ្លួន។
យ៉ាងណាមិញ សន្ទស្សន៍ភាគហ៊ុនស្តង់ដាររបស់ឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីផ្សារដែលដំណើរការអន់បំផុតនៅទូទាំងពិភពលោក ខណៈពេលដែលប្រាក់រូពៀបានឈានដល់កម្រិតទាបបំផុតម្តងហើយម្តងទៀត។
ទន្ទឹមនឹងនេះ ភាគហ៊ុនសិង្ហបុរីត្រូវបានគាំទ្រដោយស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ក៏ដូចជាកំណែទម្រង់ទីផ្សារដែលដឹកនាំដោយរដ្ឋាភិបាល។ សន្ទស្សន៍ហ៊ុន The Straits Times បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ខណៈពេលដែលវិនិយោគិនបានស្វែងរកកន្លែងការពារខ្លួន ចំពេលមានស្ថានភាពប្រែប្រួលដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់៕

