រដ្ឋបាលខេត្តតាកែវ រំពឹងថា នឹងអាចទាក់ទាញបាននូវការវិនិយោគថ្មីៗពីក្រុមហ៊ុនលំដាប់ធំៗរបស់ចិន

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តតាកែវ បានបង្ហាញក្តីរំពឹងថា នឹងអាចទាក់ទាញបាននូវការវិនិយោគថ្មីៗច្ចេកវិទ្យាកសិកម្មទំនើបៗ និងការចែករំលែកបទពិសោធន៍ល្អៗពីក្រុមហ៊ុនលំដាប់ធំៗរបស់ចិន។ ការរំពឹងនេះ ធ្វើឡើងខណៈពេលនេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវវ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋបាលខេត្តតាកែវ អញ្ជើញចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅក្រុមហ៊ុន Hehuitarg Nature Agricultural Industry Co., Ltd នាខេត្ត ហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

លោកបន្តថា ដំណើរទស្សនកិច្ចការងារនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ព្រមទាំងសិក្សាស្វែងយល់ និងស្វែងរកឱកាសដែលមានសក្តានុពលខ្ពស់ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនានាលើ វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងខេត្តតាកែវ និងដៃគូវិនិយោគនៅក្នុងប្រទេសចិន។

តាមរយៈដំណើរទស្សនកិច្ចនេះ រដ្ឋបាលខេត្តតាកែវ រំពឹងថានឹងអាចទាក់ទាញបាន នូវការវិនិយោគថ្មីៗ បច្ចេកវិទ្យាកសិកម្មទំនើបៗ និងការចែករំលែកបទពិសោធន៍ល្អៗពីក្រុមហ៊ុនលំដាប់ធំៗរបស់ចិន ដើម្បីយកមកជំរុញ និងអភិវឌ្ឍវិស័យកសិកម្ម និងការចិញ្ចឹមសត្វនៅក្នុងខេត្តតាកែវ ឱ្យកាន់តែមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង និងបង្កើតឱកាសការងារបន្ថែម ជូនប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ហ្សាលីន