ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD. (JAPAN) បានបើកកិច្ចប្រជុំជាលើកដំបូង (Kick-off meeting ) ជាមួយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សានិងជំរុញសម្រាប់គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា។


កិច្ចប្រជុំជាលើកដំបូងនេះ បានធ្វើឡើង តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ លោក នូ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយកគម្រោង ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD. (JAPAN) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំគម្រោង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តំណាងធនាគារវិនិយោគអឺរ៉ុប (EIB) តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្រុមអ្នកជំនាញការអឺរ៉ុប និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីណែនាំខ្លួន និងពិភាក្សាលើផែនការការងារពាក់ព័ន្ធ និងទិសដៅបន្តរបស់គម្រោង KTB បន្ទាប់ពីក្រសួង និងសម្ព័ន្ធក្រុមហ៊ុន Chodai Co., Ltd. បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព (FS) ការរចនាប្លង់បច្ចេកទេសលម្អិត (DEDs) និងការត្រួតពិនិត្យការសាងសង់ (CS) សម្រាប់គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ជូនផងដែរថា គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា នេះជាគម្រោងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីរធនាគារ EIB ដែលមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា៕ អត្ថបទ៖ហ្សាលីន



