(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តកិច្ចសហប្រតិបត្តិចូលរួមលើកស្ទួយសិល្បៈខ្មែរ តាមរយៈការចូលរួមឧបត្ថម្ភថវិកាចំនួន ៧៧៧,៧៧៧ ដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំ ដល់សមាគមសិល្បករខ្មែរ ជាលើកទី៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅភូមិខ្មែរអ្នកធ្វើ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

ក្នុងឱកាសនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត លីច័ន្ទផាន់ណា ប្រធានប្រតិបត្តិ និងនាយកប្រតិបត្តិនៃក្រុមហ៊ុន KLYP និងជាអនុប្រធាន និងទីប្រឹក្សាជាន់ខ្ពស់សមាគមសិល្បករខ្មែរ, លោកជំទាវ គឹម ចាន់ណា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងនិងលោកអគ្គនាយនបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងសិល្បករ-សិល្បការិនីនៃសមាគមសិល្បករខ្មែរផងដែរ។
កិច្ចសហប្រតិបត្តិការនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សិល្បករ-សិល្បការិនីខ្មែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពលេចធ្លោ និងសម្បូរបែប។ កន្លងមក ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមរតកវប្បធម៌ និងសិល្បៈកម្ពុជា ឲ្យកាន់តែរីកសុះសាយលើឆាកអន្តរជាតិតាតាមរយៈការប្រគំតន្ត្រី “Rise For Khmer” នៅទីក្រុងប៉ារីស ដើម្បីចលនាមនុស្សធម៍ ក៏ដូចជាការចូលរួមប្រារព្ធកម្មវិធីអបអរសាទរខួប ៩ ឆ្នាំ នៃការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដើម្បីរំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ។
ជាមួយគ្នានេះដែរ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ជាច្រើន លើកស្ទួយដល់សិល្បៈវប្បធម៌ខ្មែរ ជាពិសេស ផ្សព្វផ្សាយពីស្នាដៃសិល្បៈដ៏មានតម្លៃរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយទៅកាន់សហគមន៍អន្តរជាតិ។







