ជប៉ុន ប្រកាសចាប់ផ្តើមរឹតបន្តឹងលើការគ្រប់គ្រងកម្មករអន្តោប្រវេសន៍ខុសច្បាប់

អន្តរជាតិ

ប្រទេសជប៉ុន កំពុងចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីមួយដែលមានគោលបំណងពង្រឹងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការស្នាក់នៅខុសច្បាប់ និងការងាររបស់ជនបរទេសនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Japan Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន Hiroshi Hiraguchi បាននិយាយថា គោលនយោបាយថ្មីចុងក្រោយនេះ ដែលមានឈ្មោះថា “ផែនការលុបបំបាត់អ្នកស្នាក់នៅខុសច្បាប់” ឬត្រូវបានគេស្គាល់ផងដែរថាជា “Plan Zero” គូសបញ្ជាក់ពីវិស័យដែលសេវាអន្តោប្រវេសន៍ (ISA) ត្រូវផ្តោតសំខាន់លើ។

កញ្ចប់គោលនយោបាយនេះ ដែលបង្កើតឡើងដោយផ្អែកលើគំនិតផ្តួចផ្តើមដែលបានប្រកាសដំបូងនៅឆ្នាំ២០២៥ រក្សាបាននូវសសរស្តម្ភសំខាន់ៗដូចជា ការពន្លឿនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនុញ្ញាតអន្តោប្រវេសន៍អេឡិចត្រូនិក (JESTA) ការបន្ថយពេលវេលាដំណើរការដាក់ពាក្យសុំសិទ្ធិជ្រកកោន ការធ្វើឌីជីថលនៃនីតិវិធីអន្តោប្រវេសន៍ ការលើកកម្ពស់ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តរបស់ជនអន្តោប្រវេសន៍ និងការរៀបចំការនិរទេស ជាដើម។

ទន្ទឹងនឹងនេះ ISA ក៏កំពុងពង្រឹងការបង្ក្រាបរបស់ខ្លួនលើនិយោជកខុសច្បាប់ បុគ្គល និងអង្គការដែលសម្របសម្រួលសកម្មភាពនេះ ខណៈការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលបីឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣លានយ៉េន (១៩ ០០០ ដុល្លារ) អាចនឹងត្រូវបង្កើនដល់ការជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ឬពិន័យ ៥លានយ៉េន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៧។

គួរជម្រាបជូនផងដែរថា នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានធ្វើឱ្យការដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ក្លាយជាអាទិភាពគោលនយោបាយកំពូល ចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៥ មក៕​