អ្នកឧកញ៉ា ឈុន អូន ប្រកាសផែនការពង្រីកស្ថានីយ “តេលាខ្មែរ” ចំនួន ២០០ ស្ថានីយ នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៨ 

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ RAFFLES LE ROYAL PHNOM PENH ក្រុមហ៊ុនកម្ពុជាតេលា បានរៀបចំកម្មវិធីប្រកាសបើកដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា ឈុន អូន អគ្គនាយក ក្រុមហ៊ុនកម្ពុជាតេលា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បណ្តាដៃគូអាជីវកម្ម អតិថិជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រកាសបើកដំណើរការនេះ ធ្វើឡើងក្នុងគោលបំណងប្រកាសនាំយកឈ្មោះម៉ាកយីហោ “តេលាខ្មែរ” ដែលមានប្រវត្តិតាំងពីឆ្នាំ១៩៦០ ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនាសម័យនោះ ឥលូវនេះតេលាខ្មែរបានត្រឡប់មកបម្រើប្រជាជនខ្មែរឡើងវិញ បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនទសវត្សរ៍ដោយសារបញ្ហាសង្គ្រាម។

ក្រុមហ៊ុន តេលាខ្មែរ បានឱ្យដឹងថា ក្នុងឱកាសនោះ អ្នកឧកញ៉ា អគ្គនាយក មានប្រសាសន៍អំពីប្រវត្តិ និងការវិវត្តន៍របស់តេលាខ្មែរ ព្រមទាំងបង្ហាញពីចក្ខុវិស័យថ្មីក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន គុណភាពស្តង់ដា Euro 5 និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមកគ្រប់គ្រងទិន្នន័យក្នុងស្ថានីយដូចជា បរិមាណប្រេង ទិញចូល លក់ចេញ តម្លៃ ចំណូល ចំណាយ និងទិន្នន័យផ្សេងៗតាមប្រព័ន្ធថ្មីទាំងអស់ ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយការបាត់បង់។ 

អ្នកឧកញ៉ា អគ្គនាយក បានណែនាំពីសារធាតុបន្ថែមគីណេតិច បច្ចេកវិទ្យាថ្មីពីសហរដ្ឋអាមេរិកក្នុងប្រេងសាំង និងប្រេងម៉ាស៊ូត របស់តេលាខ្មែរ ជួយសម្អាតម៉ាស៊ីន កាត់បន្ថយកាកសំណល់ កាត់បន្ថយការកកិតក្នុងម៉ាស៊ីន បង្កើនប្រសិទ្ធភាពថាមពល និងសន្សំសំចៃប្រេងឥន្ធនៈ។

ជាមួយគ្នានេះ អ្នកឧកញ៉ា អគ្គនាយក បានប្រកាសផែនការពង្រីកស្ថានីយ “តេលាខ្មែរ” ចំនួន ២០០ ស្ថានីយ នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៨ ដើម្បីបម្រើសេវាកម្មជូនអតិថិជន និងពង្រឹងវិស័យប្រេងឥន្ធនៈរបស់ខ្មែរ។ បន្ថែមពីនេះ ក្រុមហ៊ុនកំពុងសាងសង់ឃ្លាំងស្តុកហ្គាស LPG ចំណុះ ១២០,០០០ ម៉ែត្រគូប នៅកំពង់ផែក្រុងព្រះសីហនុ ដែលគ្រោងដាក់ដំណើរការនៅឆ្នាំ២០២៨ ផងដែរ៕