អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅដើមខែសីហា ឆ្នាំ២០២៥នេះ បានបង្ហើបពីគម្រោងបង្កើនសមត្ថភាពរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ខេមបូឌា M’s PIG ACMC Cambodia អាចផលិតលើស ៣០,០០០តោនក្នុងមួយខែ ដើម្បីលក់ចេញលើទីផ្សារដល់ប្រជាកសិករខ្មែរ។

តាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី០១ ខែសីហា អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថា រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ខេមបូឌា (M’s PIG ACMC Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានកម្លាំងផលិតជាមធ្យមជាង ៣០,០០០តោនក្នុងមួយខែ។
អ្នកឧកញ៉ា បានបន្ថែមថា រោងចក្រនេះបានជួយប្រមូលទិញកសិផល ពីប្រជាកសិកររាប់សែនតោនជារៀងរាល់ឆ្នាំ ដូចជាពោតក្រហម ដំឡូងមីហាលស្ងួត កន្ទក់ ចុងអង្ករ។ល។ រោងចក្រនេះជាផ្នែកមួយក្នុងការកាត់បន្ថយការនាំចូល ចំណីសត្វមកពីបរទេសផងដែរ។ បច្ចុប្បន្នរោងចក្រនេះ មិនបានលក់ចំណីសត្វទៅទីផ្សារទេ គឺផលិតសម្រាប់តែផ្គត់ផ្គង់នៅតាមកសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
យ៉ាងណាក្តី អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានផែនការបង្កើនសមត្ថភាពរោងចក្រនេះ ឱ្យខ្លាំងជាងមុន ដើម្បីអាចផ្គត់ផ្គង់លើទីផ្សារកម្ពុជា។ អ្នកឧកញ៉ា បានគូសបញ្ជាក់ដូច្នេះថា៖ “ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា នៅពេលដ៏ខ្លីខាងមុខនេះយើងនឹងអាចលក់ចេញទៅកាន់ទីផ្សារ ដើម្បីឱ្យអ្នកប្រកបអាជីវកម្មចិញ្ចឹមសត្វ បានទិញទំនិញដែលមានគុណភាពបរិសុទ្ធបំផុត។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានចាប់ផ្តើមបង្កើតក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MRT) ចាប់តាំងពីខែមករា ឆ្នាំ១៩៨៩ ហើយបច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ជោគជ័យដ៏អស្ចារ្យនេះ គឺបានមកពីការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់មហាសេដ្ឋី ម៉ុង ឫទ្ធី និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត។ ម៉ុង ឫទ្ធី គ្រុប មានសាជីវកម្មស្ទើរគ្រប់វិស័យរួមមាន៖ ក្រុមហ៊ុន សំណង់ក្មេងវត្ត, ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា, ក្រុមហ៊ុន ផែ ឧកញ៉ាម៉ុង, ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី(ខេមបូឌា), ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន, ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (ខេមបូឌា) និងក្រុមហ៊ុន ឃីងដឹម ហ្រ្វ៊ូត អ៊ិនធើណេសិនណល ជាដើម៕







