ក្រុមហ៊ុន Trump Media របស់ប្រធានាធិបតីអាមេរិក ផ្ទេរកាក់ Bitcoin តម្លៃជាង ២០០លានដុល្លារ ទៅក្នុងទីផ្សារភាគហ៊ុន

អន្តរជាតិ

Trump Media ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានផ្ទេរកាក់ Bitcoin ចំនួន ២ ៦៥០ កាក់ ដែលមានតម្លៃប្រហែល ២០៥លានដុល្លារ ទៅក្នុងទីផ្សារភាគហ៊ុនកណ្តាលមួយ។ នេះបើតាមការចុះផ្សុាយពីសារព័ត៌មាន CoinDesk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Trump Media & Technology Group ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Truth Social បានផ្ទេរកាក់ Bitcoin (BTC) ចំនួន ២ ៦៥០ កាក់ ទៅកាន់ផ្សារហ៊ុនកណ្តាល។ នៅតម្លៃទីផ្សារបច្ចុប្បន្ន BTC ដែលបានផ្ទេរទៅនោះ មានតម្លៃប្រហែល ២០៥លានដុល្លារ។ ទិន្នន័យពី Blockchain បង្ហាញឲ្យដឹងទៀតថា ប្រតិបត្តិការនេះបានកើតឡើងនៅល្ងាចថ្ងៃទី២២ ខែឧសភា។

យ៉ាងណមិញ ជុំវិញការផ្ទេរ Bitcoin ទៅកាន់ផ្សារហ៊ុនកណ្តាលនេះ ត្រូវបានគេមើលឃើញថាជាសញ្ញានៃចេតនាលក់។ តែទោះជាយ៉ាងណាក៏ដោយ យោងតាមការវិភាគរបស់ Lookonchain ករណីរបស់ Trump Media ហាក់ដូចជាខុសគ្នា ហើយមិនបង្ហាញចេតនាបែបនេះទេ។ ក្រុមហ៊ុនវិភាគទិន្នន័យនេះ បានអះអាងថា “Trump Media បានផ្ទេរ BTC ទៅកាន់ផ្សារហ៊ុន ប៉ុន្តែមិនបានលក់វានោះទេ”។

គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានភាគហ៊ុនសំខាន់មួយនៅក្នុង Trump Media។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ លោកបានប្រកាសថា លោកកំពុងផ្ទេរភាគហ៊ុនគ្រប់គ្រងរបស់លោកនៅក្នុង Trump Media ទៅកាន់មូលនិធិដែលគ្រប់គ្រងដោយកូនប្រុសរបស់លោក គឺលោក Donald Trump Jr. ដើម្បីជៀសវាងជម្លោះផលប្រយោជន៍។

នៅដើមឆ្នាំ២០២៥ Trump Media បានប្រកាសពីផែនការពង្រីកខ្លួនទៅក្នុងសេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាការទិញយក Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត។ នៅក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនបានប្រកាសពីចេតនារបស់ខ្លួនក្នុងការរៃអង្គាសប្រាក់ប្រហែល ២,៥ពាន់លានដុល្លារដើម្បីបង្កើតរតនាគារ Bitcoin ដំបូងបំផុត។ ហើយនៅចុងខែកញ្ញា ឆ្នាំ២០២៥ Trump Media បានទិញកាក់ BTC ចំនួន ១១ ៥៤២ ក្នុងតម្លៃប្រហែល ១,៣៧ពាន់លានដុល្លារ ដែលស្មើនឹងតម្លៃទិញជាមធ្យម ១១៨ ៥២២ ដុល្លារក្នុងមួយកាក់។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Trump Media ត្រូវបានគេប៉ាន់ប្រមាណថា បានខាតបង់ប្រហែល ៤៥៥លានដុល្លារលើការកាន់កាប់ BTC របស់ខ្លួនទាំងនេះ ដោយសារតែតម្លៃកាក់ឌីជីថលធំជាងគេបំផុតរបស់ពិភពលោកមួយនេះ​ បានធ្លាក់តម្លៃយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយ៕​