សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើឡើងថា ទោះបីជាហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងជំនួបជាមួយលោកTibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។


នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះឯកអគ្គរដ្ឋទូតក្នុងពេលដែលលោកបានបំពេញបេសកកម្មជាឯករដ្ឋទូតប្រចាំនៅកម្ពុជារយៈពេល៤ឆ្នាំមកនេះ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរឹងមាំ។ សម្ដេចតេជោបានលើកឡើងថា ទោះបីជាហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។ មកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានអាយុកាល៧០ឆ្នាំហើយ ជាទំនាក់ទំនងមួយដ៏យូរអង្វែងមកជាមួយគ្នា។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតហុងគ្រី បានលើកសរសើរអំពីប្រទេសកម្ពុជាថាជាប្រទេសដ៏ស្រស់ស្អាត ហើយមានភាពរីកចម្រើន ដោយឯកឧត្តមបានឃើញនឹងភ្នែក ជាពិសេសគឺជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើងជាលំដាប់។លោក បានលើកឡើងថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរីកចម្រើន ជាពិសេសគឺការសហការគ្នាទាំងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ លោកបានរំលេចថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជាបាននាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។
លោកបន្តថា ឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការរៀបចំពិធីអបអរសាទរនៃខួប៧០ឆ្នាំនេះដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរបន្ថែមទៀត។

សូមជម្រាបដែរថា តាមរយៈជំនួបនោះ សម្ដេចតេជោ ក៏បានអរគុណចំពោះឯកអគ្គរដ្ឋទូតហុងគ្រីដែលបានរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី ហើយសម្ដេចក៏បានរំលេចបន្ថែមដែរថាហុងគ្រីបាចូលរួមជាចំណែកយ៉ាងសំខាន់នៅក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាដែលមកដល់ពេលនេះមានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រី និងកំពុងតែធ្វើការនៅក្នុងប្រទេសកម្ពុជា។សម្ដេចក៏បានរំលេចផងដែរថាហុងគ្រីជាប្រទេសមួយដែលសម្ដេចធ្លាប់ទៅបំពេញទស្សនកិច្ចច្រើនជាងគេក្នុងចំណោមប្រទេសដែលសម្ដេចបានអញ្ជើញទៅ ពោលគឺតាំងពីសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរបើទោះបីជាឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែគឺមានភាពជិតស្និទ្ធ៕ អត្ថបទ៖ហ្សាលីន

