កូរ៉េ នឹងជួយបំពាក់បច្ចេកវិទ្យាឆ្លាតវៃទំនើប លើការគ្រប់គ្រងលើវិស័យទឹកស្អាតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន GREENTECH INC របស់កូរ៉េ បានបង្ហាញកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃការគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាពេលឆាប់ខាងមុខនេះ តាមសំណើរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយប្រតិភូក្រុមហ៊ុន GREENTECH INC កូរ៉េ ស្តីពីគម្រោងបំពាក់បច្ចេកវិទ្យាឆ្លាតវៃសម្រាប់វិស័យទឹកស្អាត នៅកម្ពុជា កាលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២២។

ថ្លែងក្នុងជំនួបនោះ លោកTae-Yong Kwon ប្រធានក្រុមដឹកនាំគម្រោងរបស់ក្រុមហ៊ុនខាងលើ បានឲ្យដឹងថា គោលបំណងនៃជំនួបពិភាក្សា​បានផ្តោតការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា​ឆ្លាតវៃ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ និងពង្រឹង​ប្រសិទ្ធ​ភាព​នៃការគ្រប់​គ្រង​នៃការផ្គត់ផ្គង់ទឹកស្អាត​នៅទីក្រុងភ្នំពេញ​។

ជាមួយគ្នានេះលោកក៏បង្ហាញជំហរមុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃការគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស​ និងឈានទៅអភិវឌ្ឍនៅបណ្តាខេត្តនានាបន្តទៀត​ តាមសំណើរ​របស់ឯកឧត្តម ​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម  ចម ប្រសិទ្ធ ក៏បានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះគម្រោងខាងលើ ព្រោះគម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់បំពេញបន្ថែមនូវភាពខ្វះចន្លោះ និងជាផ្នែកមួយនៃការ អភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម ​ បានបញ្ជាក់បន្ត​ថា​ ការបំពាក់ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាតវៃ​លើវិស័យ​ទឹកស្អាត​នេះ​ គឺជាប្រព័ន្ធដែលទំនើប​ ដែលយើងអាចត្រួតពិនិត្យដឹងទាន់ពេលវេលា​ ពីលំហូរសម្ពាធទឹក​ គុណភាព​ទឹក​ និងទឹកលេចធ្លាយជាដើម​ ដោយអាចដោះស្រាយបានទាន់ពេលវេលា​ ដោយមិនស៊ីពេលស្វែងរក​ច្រើនថ្ងៃ​ ក្នុងពេល​មានបញ្ហាកើតឡើង​។

ជាមួយគ្នានេះ ឯកឧត្តម ក៏មានជំនឿដែរថា គម្រោងនេះនឹងទទួលការសម្រេចពីរដ្ឋាភិបាលកូរ៉េឆាប់ៗ ក្នុងជំនួយឥតសំណងក្រោមក្របខណ្ឌ ODA និងការសិក្សាពីសមិទ្ធិលទ្ធភាពបានជោគជ័យ ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន GREENTECH INC កូរ៉េ គឺមានចំណែកទីផ្សារជាប់ចំណាត់ថ្នាក់លេខ១នៅកូរ៉េ ផ្នែកប្រព័ន្ធគ្រប់គ្រងវិស័យទឹកស្អាត។ យ៉ាងណា តំណាងក្រុមហ៊ុននេះ បានអះអាងដែរថា នៅសប្តាហ៍ក្រោយនេះ វិស្វករចំនួន៧រូបរបស់កូរ៉េ នឹងមកធ្វើការងារនិងកិច្ចសហការជាមួយមន្ត្រីជំនាញរបស់កម្ពុជា ដើម្បីជំរុញល្បឿននៃការអនុវត្តគម្រោងនេះឲ្យបានជោគជ័យផងដែរ៕