EU ព្រមានថាតម្លៃប្រេង និងឧស្ម័ននៅអឺរ៉ុបបន្តស្ថិតនៅកម្រិតខ្ពស់ រហូតដល់ចុងឆ្នាំ២០២៧

អន្តរជាតិ

មន្ត្រីសហភាពអឺរ៉ុប (EU) បានព្រមានថា តម្លៃប្រេង និងឧស្ម័ននឹងនៅតែហក់ឡើងខ្ពស់ជាងកម្រិតដែលរំពឹងទុក ក្នុងករណីមានជម្លោះជាមួយអ៊ីរ៉ង់ យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយមេដឹកនាំសហភាពអឺរ៉ុប (EU) ក្នុងអំឡុងពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប (Eurogroup) នៅទីក្រុង Lefkosia ប្រទេស Cyprus កាលពីសប្តាហ៍មុន។

នៅដើមឆ្នាំ២០២៦ ប្រេងឆៅប្រភេទ Brent បានចាប់ផ្តើមជួញដូរក្នុងតម្លៃប្រហែល ៦០ដុល្លារក្នុងមួយបារ៉ែល និងទាបជាង ៧៥ដុល្លារក្នុងមួយបារ៉ែលមុនពេលមានជម្លោះជាមួយអ៊ីរ៉ង់។ ប៉ុន្តែបច្ចុប្បន្ន ប្រេងឆៅប្រភេទ Brent និង WTI កំពុងជួញដូរប្រហែល ៩៨ដុល្លារ និង ៩១ដុល្លារក្នុងមួយបារ៉ែលរៀងគ្នា។

ទន្ទឹមនឹងនេះ ឧស្ម័ននៅអឺរ៉ុប ដែលកំពុងជួញដូរនៅលើផ្សារហ៊ុនហូឡង់ TTF បច្ចុប្បន្នមានតម្លៃ ៤៦,៦៨អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង ពោលគឺបានកើនឡើងជិត ៥៧% បើធឿបទៅនឹងរយៈពេលពីបីខែមុន។

យ៉ាងណាមិញ លោកស្រី Valdis Dombrovskis ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប បានព្យាករថា អតិផរណាសម្រាប់ប្លុកនេះ នៅឆ្នាំនេះនឹងមានកម្រិត ៣,១% ដែលខ្ពស់ជាងការប៉ាន់ស្មានពីមុន ១,៩%។ ចំពោះការហក់ឡើងនេះ ភាគច្រើនត្រូវបានកើតឡើងដោយសារតែការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ន ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានចាប់ផ្តើម។

មិនតែប៉ុណ្ណោះ លោកស្រី Dombrovskis ក៏បានសង្កត់ធ្ងន់ទៀតថា អតិផរណារបស់ EU ត្រូវបានគេព្យាករថានឹងឈានដល់ ២,៤% នៅក្នុងឆ្នាំ២០២៧ ដោយសារតែតម្លៃថាមពលកើនឡើងខ្ពស់ជាប់លាប់៕​