ប្រតិភូ CDC លើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈកម្មវិធីពិព័រណ៍អន្តរជាតិនៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចូលរួមវេទិកាផ្គូផ្គងការផ្គត់ផ្គង់សកល ក្នុងកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពី ការវិនិយោគនិងពាណិជ្ជកម្មចិនភាគខាងលិច នៅទីក្រុងឆុងឈីង ប្រទេសចិន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ, គ្រឿងបង្គុំយានយន្ត, ការកែច្នៃផលិតផលកសិកម្ម, ភស្តុភារកម្មទំនើប, សុខាភិបាល, និងថាមពលបៃតង។

ក្នុងវេទិកានោះ លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃ ក.អ.ក. បានស្វាគមន៍ ដោយបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងការបង្កបរិយាកាសដ៏រស់រវើកជាមួយកិច្ចសម្រួលវិនិយោគ ដោយលោកបានគូសរំលេចពីការបង្កបរិយាកាសវិនិយោគអំណោយផល។

លោកថា បរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានការកាន់កាប់សិទ្ធិវិនិយោគ ១០០% អនុញ្ញាតឱ្យមានលំហូរប្រាក់ដោយសេរី ការពារពីការធ្វើជាតូបនីយកម្ម និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។ ជាងនេះទៅទៀត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញរហូតដល់ ៩ឆ្នាំ ការលើកលែងពន្ធគយ ពន្ធអាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ធុករដ្ឋ សម្រាប់សកម្មភាពវិនិយោគដែលភ្ជាប់ការស្រាវជ្រាវ-អភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្ស និងឧស្សាហកម្មគាំទ្រ ជាដើម។ល។

ជាមួយគ្នានេះ លោកថា កម្ពុជាបានធ្វើទំនើបកម្ម និងសាមញ្ញកម្មការផ្តល់សេវាសាធារណៈជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ដោយបានប្រែក្លាយនីតិវិធីចុះបញ្ជីវិនិយោគបែបប្រពៃណីលើក្រដាស ទៅជាឌីជីថលពីចម្ងាយ ទូទាត់តាមឌីជីថល កាត់បន្ថយការជួបផ្ទាល់ និងការចំណាយមិនចាំបាច់នានា។

ក្រៅពីការទាក់ទាញវិនិយោគ និងសម្រួលនីតិវិធីនានា លោកថា កម្ពុជាក៏បានយកចិត្តទុកដាក់លើការពិគ្រោះយោបល់ និងការដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន ជាមួយយន្តការនៃកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD) ដោយមានការសហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។តាមរយៈទិន្នន័យនៃចំនួនវិនិយោគពីបរទេសនៅកម្ពុជា លោកថា បានបង្ហាញឱ្យឃើញថាការវិនិយោគពីប្រទេសចិនមានចំនួនខ្ពស់ និងនៅតែបន្តកើនឡើង។ តួលេខនេះបានបង្ហាញពីទំនុកចិត្តដ៏មុតមាំរបស់វិនិយោគិនចិន មកលើបរិយាកាសវិនិយោគ និងរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈវេទិកាខាងលើ ប្រតិភូក៏បានធ្វើការអញ្ជើញសហគ្រិន អ្នកផ្គត់ផ្គង់ និងវិនិយោគិនចិនទាំងអស់ ពិចារណាលើការជ្រើសរើសកម្ពុជា ជាគោលដៅបន្ទាប់សម្រាប់ការវិនិយោគរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ពីការតភ្ជាប់ទៅទីផ្សារក្នុងតំបន់អាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់ និងទៅកាន់សកលលោក។

គួរឱ្យកត់សម្គាល់ដែរថា នៅក្នុងវេទិកាផ្គូផ្គងនេះក៏មានក្រុមហ៊ុនសហគ្រាសមួយចំនួន បានចូលមកសាកសួរព័ត៌មាន និងធ្វើការប្រឹក្សាយោបល់នៅនឹងកន្លែង តាមបណ្តាតុរបស់ក្រុមការងារគណៈប្រតិភូរបស់កម្ពុជាផងដែរ៕អតហថបទ៖ហ្សាលីន