ប្រទេសចិន កត់ត្រាចំនួនមនុស្សចាស់កើនឡើងច្រើនជាងកុមារជាលើកដំបូងមិនធ្លាប់មាន

អន្តរជាតិ

ជាលើកដំបូងហើយសម្រាប់ប្រទេសចិន ដែលបានឃើញចំនួនមនុស្សចាស់អាយុ ៦៥ឆ្នាំឡើង កើនឡើងលើសកុមារដែលមានអាយុក្រោម ១៥ឆ្នាំ ដែលកំពុងតែដាក់សម្ពាធកាន់តែខ្លាំងឡើងលើសន្តិសុខសង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការស្ទង់មតិប្រជាជនចិនដែលដកស្រង់ដោយ SCMP នៅថ្ងៃទី២៦ ខែឧសភា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាជនដែលមានអាយុ ៦៥ឆ្នាំឡើងទៅ នឹងមានចំនួន ១៥,៨៧% នៃចំនួនប្រជាជនសរុបរបស់ប្រទេសចិនប្រហែល ១,៤ពាន់លាននាក់។ ទន្ទឹមនឹងនេះ ក្រុមកុមារដែលមានអាយុ ០-១៤ឆ្នាំនឹងមាន ១៥,២៥%។

គួរឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយដែលប្រទេសចិនបានកត់ត្រាសមាមាត្រមនុស្សចាស់ច្រើនជាងកុមារ គិតចាប់តាំងពីឆ្នាំ១៩៤៩ មក នៅពេលដែលប្រទេសនេះបានចាប់ផ្តើមស្រង់ស្ថិតិប្រជាជន។

យ៉ាងណាមិញ អ្នកជំនាញជឿជាក់ថា ការផ្លាស់ប្តូរនេះកំពុងឆ្លុះបញ្ចាំងពីបន្ទុកសេដ្ឋកិច្ច និងសង្គមកើនឡើងនៅក្នុងប្រទេសចិន ដោយសារអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់កើនឡើងក្នុងពេលដំណាលគ្នា។

គួរជម្រាបជូនថា ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់ប្រទេសចិន កំពុងពង្រីកគោលនយោបាយគាំទ្រកំណើតរបស់ខ្លួន រួមទាំងយុទ្ធនាការកសាងទីក្រុង និងកន្លែងធ្វើការសម្រាប់គ្រួសារ ក៏ដូចជាប្រាក់ឧបត្ថម្ភសម្រាប់គូស្វាមីភរិយាដែលមានកូន ផងដែរ៕​