សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ចំណូលសរុបរបស់កម្ពុជា ទទួលបានពីការលក់ផលិតផលកៅស៊ូមានប្រមាណ ៨៣៣ លានដុល្លារ កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៤។

នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី “សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)” ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ឧសភា ២០២៦។
នាឱកាសនោះ សម្តេចធិបតី បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជាង៨៣២លានដុល្លារ កើនឡើង២៤% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ។ ពេញមួយឆ្នាំ២០២៥នេះ ការគ្រប់គ្រងប្រមូលផលកែច្នៃ និងធុរកិច្ច នៅតាមបណ្តាក្រុមហ៊ុន ចម្ការកៅស៊ូ និងកៅស៊ូគ្រួសារ មានដំណើរការជាធម្មតា និងពុំមានផលប៉ះពាល់ជាអវិជ្ជមានបណ្ដាមកពីបញ្ហាជម្លោះព្រំដែននោះទេ។

សម្តេចធិបតី បន្តថាការកើនឡើងនេះ ក៏បានបង្ហាញពីកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើង ហើយផ្ទៃដៃដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ជាមួយគ្នានេះ សម្ដេចធិបតី ក៏ចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។
សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៤៨,០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤៦,៨៤២ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ១០១,២០៨ហិកតា ស្មើនឹង២៣%។ ជ័រកៅស៊ូកម្ពុជា ក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការផងដែរ រួមមាន៖ នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ៕ អត្ថបទ៖ហ្សាលីន

