ក្រុមហ៊ុនអឺរ៉ុប កាន់តែច្រើនឡើងកំពុងរក្សា ឬពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ នៅក្នុងប្រទេសចិន ដើម្បីរក្សាការប្រកួតប្រជែងទូទាំងពិភពលោក ចំពេលកំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី២៧ ខែឧសភា សភាពាណិជ្ជកម្ម និងឧស្សាហកម្មសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិន បានចេញផ្សាយការស្ទង់មតិមួយលើក្រុមហ៊ុនជាសមាជិកជិត ៣០០។ ស្ទើរតែមួយភាគបីនៃសមាជិកទាំងនោះ បានបង្ហាញថា ពួកគេកំពុងបង្កើនផលិតកម្មនៅក្នុងប្រទេសចិន ខណៈ ៣៧% ផ្សេងទៀត បាននិយាយថា ពួកគេមិនបានផ្លាស់ប្តូរយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននោះឡើយ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
យ៉ាងណាមិញ ចំពោះជាសមាជិក ៦៨% ផ្សេងទៀត បានឆ្លើយតបថា ពួកគេនឹងបន្ត ឬពង្រីកផលិតកម្មនៅក្នុងប្រទេសចិន ខណៈមានតែ ៧% ប៉ុណ្ណោះដែលបាននិយាយថា ពួកគេនឹងផ្លាស់ប្តូររោងចក្ររបស់ខ្លួនទៅប្រទេសមួយផ្សេងទៀត ឬបង្កើតរោងចក្រផលិតនៅកន្លែងផ្សេង។
បច្ចុប្បន្នប្រទេសចិនមានចំនួនប្រហែល ២៨% នៃទិន្នផលទំនិញផលិតទូទាំងពិភពលោក ទោះបីជាមានពន្ធនាំចូលពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ក៏ដោយ។ សហភាពអឺរ៉ុប ត្រូវបានគេរាយការណ៍ថាកំពុងបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើការអនុវត្តពាណិជ្ជកម្មដោយស្មើភាពរបស់ប្រទេសចិន។
គួរជម្រាបជូនផងដែរថា យោងតាមការស្ទង់មតិខាងលើ តម្លៃគឺជាហេតុផលចម្បងមួយដែលក្រុមហ៊ុនអឺរ៉ុប កំពុងបង្កើនផលិតកម្មនៅក្នុងប្រទេសចិន។ ថ្លៃពលកម្មទាបបានជួយប្រទេសនេះឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មសកល។ តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលរោងចក្រប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្ម អាជីវកម្មជាច្រើនក្នុងប្រទេសនេះ កំពុងបង្កើនល្បឿនស្វ័យប្រវត្តិកម្មយ៉ាងឆាប់រហ័ស៕

