ឧត្តមសេនីយ៍កំពូលអាមេរិកម្នាក់បានបង្ហាញឲ្យដឹងថា ទាហានរបស់ខ្លួន បានទទួលទានកាហ្វេប្រហែល ៣,៦ លានលីត្រ និងភេសជ្ជៈប៉ូវកម្លាំងពីរលានកំប៉ុង ក្នុងអំឡុងពេលប្រាំមួយសប្តាហ៍នៃជម្លោះជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះ បាននិយាយនៅថ្ងៃទី៨ ខែមេសា ថា ៖”តាមការប៉ាន់ស្មានរបស់ខ្ញុំទាហានយើង បានទទួលទានអាហារជាង ៦ លានពេល រួមទាំងកាហ្វេប្រហែល ៣,៦ លានលីត្រ និងភេសជ្ជៈប៉ូវកម្លាំងពីរលានកំប៉ុង ផងដែរ ក្នុងអំឡុងយុទ្ធនាការវាយប្រហារអ៊ីរ៉ង់”។
គួរឲ្យដឹងថា ទាហានប្រយុទ្ធរបស់អាមេរិកភាគច្រើន តែងតែទទួលទានផលិតផលដែលមានជាតិកាហ្វេអ៊ីនច្រើន ជាពិសេសកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំង ដើម្បីជាការដាស់ស្មារតីរបស់ពួកគេក្នុងការបំពេញកាព្វកិច្ចដែលមានទំនួលខុសត្រូវខ្ពស់។
ជម្រាបជូនថា បន្ទាប់ពីការប្រយុទ្ធគ្នាជាងប្រាំមួយសប្តាហ៍មក សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍នៅព្រឹកថ្ងៃទី៨ ខែមេសា ខណៈភាគីទាំងពីរបានអះអាងពីជ័យជម្នះនៅក្នុងជម្លោះនេះរៀងៗខ្លួន៕

