សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាចិត្តថា នឹងជួយផ្សព្វផ្សាយនូវបរិយាកាសធុរកិច្ចល្អរបស់កម្ពុជាដល់វិនិយោគិនខ្លួនបន្ថែមទៀត។នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក ផាក ជូបុង (Park Joo Bong) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមហ៊ុន Daejoo KC Group ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នាឱកាសនោះ លោកស្រីរដ្ឋមន្រ្តី ស្វាគមន៍គណៈប្រតិភូកូរ៉េទាំងអស់ ដែលបានអញ្ជើញមកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។ លោកស្រី បានគូសបញ្ជាក់អំពី អំពីការរួមចំណែកយ៉ាងសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងការពង្រឹងនិងពង្រីកពាណិជ្ជកម្មទ្វេភាគី ព្រមទាំងជម្រាបជូនអំពីបរិយាកាសនិងកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក Park Joo Bong និងគណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា និងបានចែករំលែកព័ត៌មានអំពីការជំរុញការវិនិយោគផលិតផលកូរ៉េមកកម្ពុជា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ គណៈប្រតិភូកូរ៉េ ក៏បានប្តេជ្ញាថានឹងជួយផ្សព្វផ្សាយនូវបរិយាកាសធុរកិច្ច និងវិនិយោគល្អប្រសើរដែលមានភាពអំណោយផល ដល់វិនិយោគិនកូរ៉េបន្ថែមទៀត។
សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់បន្ថែម អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងការវិនិយោគ ប្រកបដោយសក្តានុពល ដោយលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឯកជន ក្នងការជំរុញកំណើនសេដ្ឋកិច្ចជាដើម៕ អត្ថបទ៖ហ្សាលីន


