ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងកម្ទេចប្រទេសអូម៉ង់ ប្រសិនបើពួកគេចង់ចូលរួមសហការជាមួយអ៊ីរ៉ង់ក្នុងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍នេះឡើង ក្នុងអឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន នៅថ្ងៃទី២៧ ឧសភា នៅពេលដែលលោកត្រូវបានគេសួនាំអំពីការទទួលយកកិច្ចព្រមព្រៀងរយៈពេលខ្លីដែលនឹងអនុញ្ញាតឲ្យអូម៉ង់ និងអ៊ីរ៉ង់គ្រប់គ្រងរួមគ្នាលើច្រកសមុទ្រ Hormuz ឬអត់។
យ៉ាងណាមិញ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា ៖” វាមិនអាចទៅរួចទេ ច្រកសមុទ្រនេះត្រូវតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា។ វាជាដែលទឹកអន្តរជាតិ ហើយវាគ្មានរណាម្នាក់អាចគ្រប់គ្រងលើវាបាននោះទេ។ អូម៉ង់ត្រូវយល់ពីរឿងនេះ ដូចអ្នកដទៃទៀតដែរ បើមិនដូច្នេះទេ យើងនឹងកម្ទេចពួកគេ”។
យោងតាមស្ថិតិរបស់លោក Aaron Blake អ្នកអធិប្បាយរបស់ CNN បាននិយាយថា អូម៉ង់ គឺជាប្រទេសទី ១៥ ហើយ ដែលលោក ត្រាំ បានគំរាមកំហែងវាយប្រហារ ផ្តល់លទ្ធភាពនៃការវាយប្រហារ ឬបើកវាយប្រហារពិតប្រាកដ ក្នុងអំឡុងពេលពីរអាណត្តិរបស់លោកជាប្រធានាធិបតីអាមេរិក។
គួរឲ្យដឹងថា អូម៉ង់ ដែលជាប្រទេសមួយត្រូវបានគេស្គាល់ ដោយសារជំហរអព្យាក្រឹតរបស់ខ្លួន មិនដែលបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការចែករំលែកការគ្រប់គ្រងច្រកសមុទ្រ Hormuz ជាមួយអ៊ីរ៉ង់ឡើយ។ សហរដ្ឋអាមេរិក និងអូម៉ង់ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធដែលមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយគ្នា ដែលមានរយៈពេលជាង ២០០ឆ្នាំមកហើយផងដែរ។
គួរជម្រាបជូនថា នៅក្នុងសម័យសន្តិភាព ច្រកសមុទ្រ Hormus គឺជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិប្រហែល ២០% របស់ពិភពលោក។ ច្រកសមុទ្រនេះត្រូវបានគ្រប់គ្រងរួមគ្នាដោយអ៊ីរ៉ង់ និងអូម៉ង់ មិនត្រូវបានចាត់ទុកថាជាដែនទឹកអន្តរជាតិទេ ហើយកប៉ាល់អាចឆ្លងកាត់វាបានដោយឥតគិតថ្លៃសេវា៕

