ប្រតិភូក្រុមហ៊ុន Yura Harness Cambodia ដែលជាក្រុមហ៊ុនធំមួយរបស់កូរ៉េ បានកត់សម្គាល់ឃើញថា កម្ពុជាមានឧត្តមភាពខ្ពស់សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រតិភូក្រុមហ៊ុន Yura Harness Cambodia ដឹកនាំដោយលោក DooYeun Lee អគ្គនាយកក្រុមហ៊ុន កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោក DooYeun Lee បានរាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ និងបានជម្រាបជូនអំពីផែនការនៃការពង្រីកការវិនិយោគ ទន្ទឹមនឹងតម្រូវការជ្រើសរើសកម្មករបន្ថែម និងតម្រូវការវត្ថុធាតុដើមក្នុងស្រុក។ ក្នុងរយៈពេលដែលបម្រើការងារនៅកម្ពុជាក្នុងឧស្សាហកម្មយានយន្តប៉ុន្មានឆ្នាំកន្លងមកនេះ លោក DooYeun Lee ក៏បានកត់សម្គាល់ឃើញថាកម្ពុជាមានឧត្តមភាពខ្ពស់សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត។ បន្ថែមលើនេះ លោកបានចែករំលែកនូវទស្សនៈមួយចំនួនសំដៅចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរផងដែរ។

ជាមួយគ្នានេះ លោក ជា វុទ្ធី បានស្វាគមន៍ប្រតិភូក្រុមហ៊ុន និងថ្លែងអំណរគុណដែលក្រុមហ៊ុនបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយក៏បានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគ ក៏ដូចជាគម្រោងបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន។
សូមជម្រាបថា ក្រុមហ៊ុន Yura Harness Cambodia ជាក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជាតាំងពីឆ្នាំ២០២២ ហើយបច្ចុប្បន្នមានកម្មករនិយោជិតសរុបចំនួន ១.១០០នាក់៕ អត្ថបទ៖ហ្សាលីន

