អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងលោកជំទាវ នាព្រឹកថ្ងៃទី២៨ ខែឧសភានេះ បាននាំយកថវិកាចំនួន ៥០,០០០ដុល្លារអាមេរិក បរិច្ចាគជូនក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា និងបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាអធិបតី «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»។
មានប្រសាសន៍ស្វាគមន៍ប្រកបដោយអារម្មណ៍រំភើបរីករាយ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងពិធីបើកនេះ។
លោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិគន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលការរៀបចំយុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ជាពិសេស គឺការបំផុសស្មារតី ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំងស្រ្តីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ជាង ៣ទសវត្សរ៍កន្លងមកនេះ។
សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជានិច្ចកាលតែងបរិច្ចាគថវិកានិងធនធានផ្ទាល់ខ្លួនជួយកិច្ចការងារសង្គម និងការងារសប្បុរសធម៌។ ជាក់ស្តែង កាលថ្ងៃទី១២ ខែឧសភា កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ាបណ្ឌិត ក៏បានប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារអាមេរិក ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» តាមរយៈសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕




