អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ និងលោកជំទាវ បរិច្ចាគថវិកា ៥០,០០០ដុល្លារ ក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងលោកជំទាវ នាព្រឹកថ្ងៃទី២៨ ខែឧសភានេះ បាននាំយកថវិកាចំនួន ៥០,០០០ដុល្លារអាមេរិក បរិច្ចាគជូនក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធ​បុប្ផាកម្ពុជា និងបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធ​បុប្ផាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស​នៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាអធិបតី «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»។

មានប្រសាសន៍ស្វាគមន៍ប្រកបដោយអារម្មណ៍រំភើបរីករាយ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខ​ទុក្ខ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងពិធីបើកនេះ។

លោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិ​គន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលការរៀបចំយុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរ​សាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ជាពិសេស គឺការបំផុសស្មារតី ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈ​ណា​ក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួម​ចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំងស្រ្តីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ជាង ៣ទសវត្សរ៍កន្លងមកនេះ។

សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជានិច្ចកាលតែងបរិច្ចាគ​ថវិកានិងធនធានផ្ទាល់ខ្លួនជួយកិច្ចការងារសង្គម និងការងារសប្បុរសធម៌។ ជាក់ស្តែង កាលថ្ងៃទី១២ ខែឧសភា កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ាបណ្ឌិត ក៏បានប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារអាមេរិក ក្នុងឱកាសខួប​លើកទី​១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» តាមរយៈសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕