គណៈប្រតិភូចិន បានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាលនៅកម្ពុជា។នេះបើតាមជំនួបពិភាក្សារវាង លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូចិនដែលដឹកនាំដោយ លោក Qiu Wenxu អនុប្រធានវិទ្យាស្ថាន Haikou Silk Road Academy of Social Sciences។ ជំនួបនេះរៀបចំឡើង ក្នុងគោលបំណងស្វែងយល់អំពីសក្ដានុពលវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យឧស្សាហកម្ម, កសិកម្ម, ការអប់រំអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។


នាឱកាសនោះ លោកអគ្គលេខាធិការរង បានស្វាគមន៍គណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ជាពិសេសលើការអភិវឌ្ឍវិស័យកសិកម្ម កិច្ចសហប្រតិបត្តិការទាក់ទងនឹងការវិនិយោគផ្ទាល់នៅក្រៅប្រទេស (ODI) រវាងខេត្តហៃណាន និងកម្ពុជា ព្រមទាំងនីតិវិធីនៃការចុះបញ្ជីគម្រោងមានលក្ខណៈគ្រប់គ្រាន់ (QIP)។ លោកក៏បានលើកពីសក្តានុពល និងរបបលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់សកម្មភាពវិនិយោគលើវិស័យកសិកម្ម និងវិស័យអាទិភាពដទៃទៀត ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។
បន្ថែមលើនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រនានា ព្រមទាំងលើកទឹកចិត្តដល់គណៈប្រតិភូឱ្យពន្លឿនការសិក្សា និងអនុវត្តគម្រោងរបស់ខ្លួនឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗ ដើម្បីចាប់យកកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ ដែលកំពុងមានសក្តានុពលខ្ពស់។

ជាការឆ្លើយតប គណៈប្រតិភូចិន បានជម្រាបជូនពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាល និងវិស័យកសិកម្ម ពិសេសការដាំដុះនិងកែច្នៃផលិតផលកសិកម្ម ដែលជាវិស័យមានសក្តានុពលគួរឱ្យកត់សម្គាល់នៅកម្ពុជា ព្រមទាំងប្តេជ្ញាចិត្តជំរុញគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះឱ្យទទួលបានជោគជ័យ។
សូមជម្រាប់ថា តាមរយៈជំនួបខាងលើ CDC ក៏បានថ្លែងអរគុណគណៈប្រតិភូចិនដែលបានជ្រើសរើសកម្ពុជាជាទិសដៅទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានជូនពរគណៈប្រតិភូឱ្យទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបេសកកម្មការងារនេះ៕ អត្ថបទ៖ហ្សាលីន


