កំពូលអ្នកមានៗ នៅលើពិភពលោក កំពុងកាន់កាប់ទ្រព្យសកម្មដែលមានតម្លៃជាប្រាក់ដុល្លារតិចជាងមុន

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយដែលចេញផ្សាយថ្មីៗនេះ ដោយធនាគារស្វីស UBS បានបង្ហាញឲ្យដឹងថា គ្រួសារកំពូលអ្នកមានៗ នៅលើពិភពលោកកំពុងកាត់បន្ថយការកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លាររបស់ពួកគេ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

UBS បង្ហាញឲ្យដឹងទៀតថា ការធ្លាក់ចុះតម្លៃនៃតម្លៃប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានជំរុញឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មគ្រួសារជាច្រើន ដែលត្រូវបានគេស្គាល់ផងដែរថាជាការិយាល័យគ្រួសារ ពិនិត្យឡើងវិញនូវផលប័ត្រវិនិយោគរបស់ពួកគេ។

យ៉ាងណាមិញ ក្នុងចំណោមគ្រួសារអ្នកមានៗទាំងនោះ បានសន្និដ្ឋានថាពួកគេកំពុងកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លារអាមេរិកច្រើនលើសលប់ពេក ហើយ ៦៥% ផ្សេងទៀត ជឿថាទំនុកចិត្តលើតួនាទីរបស់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុង នឹងធ្លាក់ចុះខ្សោយ ដែលនាំឱ្យមានការពិនិត្យឡើងវិញនូវការកាន់កាប់ទ្រព្យសកម្មរបស់ពួកគេដែលមានតម្លៃជាប្រាក់ដុល្លារអាមេរិកនេះ។

និន្នាការនេះ ហាក់កំពុងជួយឱ្យប្រាក់អឺរ៉ូ និងប្រាក់ហ្វ្រង់ស្វីសលេចចេញជាជម្រើសដែលត្រូវអាចយកមកជំនួសប្រាក់ដុល្លារអាមេរិកវិញ។ យោងតាមលោក Benjamin Cavalli ប្រធានអតិថិជនយុទ្ធសាស្ត្រនៅ UBS Global Asset Management បានមានប្រសាសន៍ថា ៖”ការិយាល័យគ្រួសារជាច្រើនកំពុងពិចារណាកាត់បន្ថយការប៉ះពាល់របស់ពួកគេចំពោះប្រាក់ដុល្លារអាមេរិក ឬមានគម្រោងធ្វើពិពិធកម្មក្នុងតំបន់”។

គួរជម្រាបជូនផងដែរថា ជុំវិញការស្ទង់មតិនេះ ត្រូវបានធ្វើឡើងក្នុងត្រីមាសទីមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មគ្រួសារចំនួន ៣០៧ នៅទូទាំងទីផ្សារជាង ៣០ ដែលមានទ្រព្យសម្បត្តិសរុបមធ្យម ២,៧ពាន់លានដុល្លារក្នុងមួយក្រុមហ៊ុន។ ហើយជាលទ្ធផលបានបង្ហាញថា ៦០% មានគម្រោងកែសម្រួលការបែងចែកទ្រព្យសកម្មរបស់ពួកគេក្នុងរយៈពេល ១២ខែខាងមុខ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានដែលដកស្រង់ដោយ UBS៕