អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានជាង ១០០នាក់ ទទួលបានការបណ្តុះបណ្តាល ស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ដើម្បីពង្រឹង វិជ្ជាជីវៈព័ត៌មាន

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ដោយផ្តោតលើជំនាញសំខាន់ៗ រួមមាន៖ បច្ចេកទេសសរសេរព័ត៌មាន ការសម្ភាសន៍ និងការប្រមូលព័ត៌មាន ជំនាញថតរូប និងកែសម្រួលវីដេអូ ការផលិតមាតិកាឌីជីថល ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

គួរបញ្ជាក់ដែរថា ក្នុងចំណោមសិក្ខាកាមសរុប ១០៩នាក់ មានសិក្ខាកាមចំនួន ១០១នាក់ បានបំពេញវគ្គបណ្តុះបណ្តាលដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

នាឱកាសបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ជុំ កុសល បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ គ្រូបង្គោល និងសិក្ខាកាមទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗដល់សិក្ខាកាមថា ចំណេះដឹងដែលបានរៀន ត្រូវយកទៅអនុវត្ត ជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ។សិក្ខាកាមថ្ងៃនេះ អាចក្លាយជាគ្រូបង្គោល និងជាអ្នកបន្តចែករំលែកចំណេះដឹងដល់អ្នកដទៃនាពេលខាងមុខ។

ឯកឧត្តមបន្តថា អ្នកសារព័ត៌មាន ទោះមានជំនាញ និងបទពិសោធន៍យ៉ាងណាក៏ដោយ បើខ្វះក្រមសីលធម៌  តម្លៃវិជ្ជាជីវៈក៏នឹងបាត់បង់។ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា មានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតសង្គម។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ព័ត៌មានដែលមានគុណភាព និងការផ្សព្វផ្សាយត្រឹមត្រូវ អាចជួយឱ្យសាធារណជនទទួលបានការយល់ដឹងកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ​ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ បន្តពង្រឹងជំនាញ ការស្រាវជ្រាវ ការផ្ទៀងផ្ទាត់ព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែមានភាពជឿជាក់ ទំនួលខុសត្រូវ និងស្តង់ដារខ្ពស់៕