ពន្ធដារ រំពឹងថា ចំណូលពន្ធ នឹងសម្រេចជាង ១០៧ % នៅដំណាច់ឆ្នាំ ២០២៣

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្តីរំពឹងថា រហូតដល់ដំណាច់ឆ្នាំ ២០២៣ខាងមុខនេះ ចំណូលពន្ធដារ នឹងសម្រេចបានប្រមាណ ១០៧.៥ ភាគរយ ពោលគឺលើសផែន នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣នេះ។ នេះបើយោងតាមព្រិត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ ដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រិត្តិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២៣ ចំណូលពន្ធដារ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ នៃផែនការច្បាប់ ដែល ឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។

ជាក់ស្តែងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៣នេះ ពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួនជាង ៩ ៣៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៣១២ លានដុល្លារ ស្មើជាង ៦៤ ភាគរយ នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។

ប្រភពដដែលបន្តថា៖« ទោះជាយ៉ាងណា បើពិនិត្យពីលទ្ធផលនៃការប្រមូល ចំណូលពន្ធ តាមប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុង រយៈពេល ៧ ខែនេះ ការប្រមូលពន្ធលើអចលនទ្រព្យសម្រេច បានត្រឹម ៥៧ ប៊ីលានរៀល ត្រូវជាង ១៤ លានដុល្លារ បើប្រៀបធៀបនឹងផែនការប្រចាំឆ្នាំ ២០២៣ សម្រេចបានជិត ៣៧ ភាគរយ ប៉ុណ្ណោះ» ។

ហេតុនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានចេញ លិខិតជូនដំណឹង ស្តីពីការរំលឹក លើកទី ២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិន បានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ ដើម្បីក្រើនរំលឹក ម្ចាស់អចលន ទ្រព្យមួយចំនួន ដែលមិនទាន់ បានបំពេញកាតព្វកិច្ច ប្រកាស និងមកបង់ប្រាក់ពន្ធឱ្យបានរួសរាន់។

ដោយឡែក សម្រាប់ជាវិធានការណ៍វិញ, ក្នុងឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីនស្កែនមុខ កត់វត្តមានរបស់ មន្ត្រី ទទួលបន្ទុក និងកាមេរ៉ាសុវត្ថិ ភាពនៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួន នៅក្នុងរោងចក្រផលិត ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទាំងអស់ក្នុងស្រុក៕

អត្ថបទ៖ ពិសី