នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦, និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដោយមានការចូលរួមពីសាខាក្រុមហ៊ុនក្នុងស្រុកធនាគារ អេស៊ីលីដា ភីអិលស៊ី (ខណ្ឌបឹងកេងកង-សង្កាត់បឹងកេងកងទី១), និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក រៀបចំសិក្ខាសាលា ស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ”។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយ ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រនៃ ន.ម.ក., បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយក នៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងលោក អុន សំអុល នាយកជាន់ខ្ពស់សាខា “ក” នៃសាខាក្រុមហ៊ុនក្នុងស្រុកធនាគារ អេស៊ីលីដា ភីអិលស៊ី (ខណ្ឌបឹងកេងកង-សង្កាត់បឹងកេងកងទី១)។
និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលដ្ឋានគ្រឹះនៃការវិនិយោគ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា។
ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា “ការជម្រុញ និងផ្សព្វផ្សាយអំពីក្រុមហ៊ុនក្នុងវិស័យមូលបត្រដែលបានចុះបញ្ជីស្របច្បាប់ជូនដល់សាធារណជនឱ្យបានកាន់តែទូលំទូលាយ គឺជាកត្តាគន្លឹះក្នុងការកាត់បន្ថយហានិភ័យពីការវិនិយោគជាមួយក្រុមហ៊ុនខុសច្បាប់។ ទន្ទឹមនឹងនេះ ការវិនិយោគលើចំណេះដឹងនឹងជួយបង្កើតជំនាញ និងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីទីផ្សារមូលបត្រ ព្រមទាំងអាចកាត់បន្ថយហានិភ័យបានយ៉ាងច្រើន៕



