ប្រទេសបារាំង បានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីនូវការត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រួលដល់ភាគីទាំងពីរ ឱ្យអាចចូលទៅប្រើប្រាស់ឯកសារបណ្ណសារពាក់ព័ន្ធនឹងគំនូសព្រំដែនរបស់ប្រទេសទាំងពីរដែលបារាំងមាន។
នេះបើយោងតាមប្រសាសន៍របស់ លោក Jean-Noël Barrot រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ក្នុងជំនួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែលជំនួបនេះធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ ។

យោងតាមស្ថានទូតបារំាងប្រចាំកម្ពុជា បានឱ្យដឹងថា នាឱកាសនោះ លោក Jean-Noël Barrot រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស បានបញ្ជាក់ជាថ្មីនូវគោលបំណងរបស់ប្រទេសបារាំង ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ក្នុងទស្សនវិស័យនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ ។
រដ្ឋមន្ត្រីប្រទេសទាំងពីរ ក៏បានលើកឡើងជាពិសេសអំពីការរឹតចំណងទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យថាមពល វេជ្ជសាស្ត្រ និងកសិចំណីអាហារ ។ ពួកលោកក៏បានពិភាក្សាអំពីភាពជាដៃគូក្នុងកិច្ចការពារបេតិកភណ្ឌជុំវិញតំបន់អង្គរផងដែរ ។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីបំណងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ក៏បានរំលឹកឡើងវិញអំពីការយកចិត្តទុកដាក់របស់បារាំងចំពោះស្ថិរភាពក្នុងតំបន់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ។ ការបន្តកិច្ចសន្ទនានយោបាយរវាងប្រទេសថៃ និងកម្ពុជា គឺជាបច្ច័យចាំបាច់ ដើម្បីអនុញ្ញាតឱ្យមានការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី និងប្រកបដោយចីរភាព ដោយគោរពតាមច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ។
បន្ថែមពីនេះ ប្រទេសបារាំង ក៏បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយវិវាទនេះ ហើយកំពុងធ្វើការជាមួយប្រទេសទាំងពីរដោយអព្យាក្រឹតជាទីបំផុត ។ លើសពីនេះ ប្រទេសបារាំងក៏បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រួលដល់ភាគីទាំងពីរ ឱ្យអាចចូលទៅប្រើប្រាស់ឯកសារបណ្ណសារពាក់ព័ន្ធនឹងគំនូសព្រំដែនរបស់ប្រទេសទាំងពីរដែលបារាំងមាន៕អត្ថបទ៖ ហ្សាលីន





