ប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាននៅហ្វ៊ីលីពីន ដើម្បីជំរុញចរន្តពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

កាលចុងសប្តាហ៍កន្លងទៅនេះ  គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោក ឡុង កែមវិចិត្រ  អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM) តំណាងកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៧ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសហ្វ៊ីលីពីនឆ្នាំ២០២៦ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដើម្បីជំរុញចរន្តសមាហរណកម្ម និងពាណិជ្ជកម្មសេដ្ឋកិច្ចអាស៊ាន។

លើសពីនេះ កិច្ចប្រជុំខាងលើ ក៏បានរៀបចំឡើងក្នុងគោលបំណង ពិភាក្សា និងជំរុញស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចសកល សមិទ្ធផលអាទិភាពសេដ្ឋកិច្ច ការងារអាទិភាពប្រចាំឆ្នាំ២០២៦ គំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងសន្តិសុខថាមពល វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ក៏ដូចជាកិច្ចការអាទិភាពជាមួយដៃគូសន្ទនាអាស៊ានផងដែរ៕ អត្ថបទ៖ហ្សាលីន