លោក ត្រាំ និយាយថាអ៊ីស្រាអែល និងក្រុម Hezbollah យល់ព្រមលើបទឈប់បាញ់ហើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នាហើយ ដោយបន្ថែមទៀតថា ការចរចាជាមួយអ៊ីរ៉ង់កំពុងមានភាពរីកចម្រើនខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី១ ខែមិថុនាថា៖” ខ្ញុំបានទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។ គ្មានកងកម្លាំងយោធាណាមួយនឹងត្រូវបានបញ្ជូនទៅទីក្រុងបេរូតទៀតនោះទេ។ ទាហានទាំងអស់ដែលកំពុងធ្វើដំណើរដកថយ”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា លោកក៏បាននិយាយជាមួយក្រុម Hezbollah ផងដែរ ដោយបញ្ជាក់ថាក្រុមប្រដាប់អាវុធលីបង់បានយល់ព្រមបញ្ចប់ការប្រយុទ្ធនេះដូចគ្នា។ លោក ត្រាំ និយាយថា ក្រុមនេះនឹងមិនបើកការវាយប្រហារនោះទេ ប្រសិនបើអ៊ីស្រាអែលមិនបើការវាយប្រហារដូចគ្នានោះ។

គួរឲ្យដឹងផងដែរថា លោក ត្រាំ បានរក្សាជំហររបស់លោក ដោយអះអាងថា មេដឹកនាំអ៊ីស្រាអែលបានបង្វែរទិសដៅយោធាត្រលប់ក្រោយ ហើយបានបោះបង់ចោលផែនការសម្រាប់ការវាយប្រហារដ៏សំខាន់មួយលើទីក្រុងបេរូត និងថែមទាំងបានបញ្ជាក់ជាថ្មីនូវការអះអាងរបស់លោកថា ក្រុម Hezbollah និងអ៊ីស្រាអែលបានយល់ព្រមលើបទឈប់បាញ់ជាមួយគ្នាហើយ។

យ៉ាងណាមិញ អ៊ីរ៉ង់ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា បទឈប់បាញ់នៅលីបង់ នៅតែជាលក្ខខណ្ឌសំខាន់សម្រាប់កិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិក ដោយព្រមានថាខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ខាត បើនៅតែមានការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់ទៀតនោះ៕​