តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន SoftBank Group បានកើនឡើងលើសពី ៣០០ពាន់លានដុល្លារ ដោយបានវ៉ាដាច់ Toyota ដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank បានកើនឡើងជាង ១៤% នៅថ្ងៃទី១ ខែមិថុនា ដែលនាំឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ប្រហែល ៤៨,៨ពាន់ពាន់លានយ៉េន (ឬស្មើប្រមាណ ៣០៦ពាន់លានដុល្លារ)។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ៤,៥% នៅក្នុងវគ្គជួញដូរដូចគ្នា ដោយធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ធ្លាក់មកនៅ ៤៥,៦ពាន់ពាន់លានយ៉េន។
ជុំវិញការអភិវឌ្ឍនេះ បានអនុញ្ញាតឲ្យសម្ព័ន្ធក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Masayoshi Son វ៉ាដាច់ Toyota ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយ។
គួរជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានកាលពីចុងសប្តាហ៍មុនថា ខ្លួនបានប្តេជ្ញាវិនិយោគ ៧៥ពាន់លានអឺរ៉ូ (៨៧,៣ពាន់លានដុល្លារ) ក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសបារាំង៕

