ទណ្ឌិតជាក្មេងទំនើង ភេទប្រុសចំនួន ៧៩០នាក់ ដែលត្រូវបានផ្ទេរទៅអនុវត្តទោសនៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ និងពន្ធនាគារខេត្តឧត្តរមានជ័យ កំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដាំដុះបន្លែ ចិញ្ចឹមសត្វ ធ្វើគម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗដើម្បីគាំទ្រដល់កម្លាំងជួរមុខការពារអធិបតេយ្យភាពជាតិ។

យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែមិថុនា បានឱ្យដឹងថា ទណ្ឌិតទាំងនេះត្រូវបានផ្ទេរពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តនានា ដោយក្នុងនោះ ៦៥១នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ និង ១៣៩នាក់ទៀត ទៅពន្ធនាគារខេត្តឧត្តរមានជ័យ។
អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា កម្មវិធីនេះជាផ្នែកមួយនៃការអប់រំ កែប្រែ និងស្តារនីតិសម្បទាទណ្ឌិត តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការចូលរួមការងារផលិតកម្ម ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ស្របពេលបណ្តុះស្មារតីស្រឡាញ់ជាតិ និងការទទួលខុសត្រូវចំពោះសង្គម។ ជាមួយគ្នានេះ កម្មវិធីបណ្តុះបណ្តាលខាងលើ ត្រូវបានអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន។
បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានអំពាវនាវដល់យុវជនឱ្យចៀសវាងពីអំពើ អបាយមុខ និងសកម្មភាពដែលនាំឱ្យប្រព្រឹត្តបទល្មើស ព្រមទាំងចូលរួមកសាងសង្គមប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈអាជ្ញាធរនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង៕








