អភិបាលខេត្តកំពង់ចាម ជំរុញឲ្យអាជ្ញាធរស្រុក បង្កើតរមណីយដ្ឋានទេសចរណ៍យ៉ាងតិច១កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យថ្នាក់ដឹកនាំតាមបណ្តាស្រុក ត្រូវបង្កើតតំបន់ទេសចរណ៍ឲ្យបានយ៉ាងតិច១កន្លែង សម្រាប់ទទួលភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងមូលដ្ឋានរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអភិបាលខេត្ត បានជំរុញបែបនេះ ធ្វើឡើងនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាងហែលទឹកមណ្ឌលកម្សាន្តទឹកឆា ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ផ្នែកសេវាកម្មទេសចរណ៍នេះគឺសំខាន់ណាស់ ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចជាតិរបស់យើង ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈដែលបម្រើការងារក្នុងវិស័យសេវាកម្មនេះ និងការប្រកបសេវាកម្ម ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រមណីយដ្ឋានទឹកឆា ជាតំបន់រដ្ឋបាលខេត្តបានគិតគូរជាអទិភាព ដែលត្រូវរៀបចំតំបន់នេះ ឲ្យទៅជាតំបន់ទេសចរណ៍មួយដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ពីព្រោះមានទាំងប្រភពទឹក បែបធម្មជាតិក៏មាន ពោលគឺនៅតែការរៀបចំ និងកែឆ្នៃឲ្យទៅជាកន្លែងមួយដែលមានភាពទាក់ទាញ និងទទួលបានចំណាប់អារម្មណ៍តែប៉ុណ្ណោះ ។

ជាមួយនិងការសម្ភោធសមិទ្ធផលថ្មីនោះ លោកអភិបាលខេត្ត ក៏បានផ្តាំដល់ម្ចាស់រមណីយដ្ឋាន សូមឲ្យធ្វើការថែរក្សាអនាម័យ បរិស្ថាន ឲ្យបានស្អាតជាប្រចាំ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធសន្តិសុខឲ្យបានល្អ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការបញ្ចៀស បញ្ហាគ្រឿងញៀន ឬ បញ្ហាក្មេងទំនើងជាដើម ដើម្បីឲ្យតំបន់នេះក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តឲ្យកាន់តែកើនឡើងជាលំដាប់ ៕