យោងតាមការស្រាវជ្រាវថ្មីចុងក្រោយមួយ បានបង្ហាញថា អាជីវកម្មនានាលើសកលលោក អាចរងនូវការខាតបង់ផលិតភាព ប្រសិនបើបុគ្គលិករបស់ពួកគេពិបាកក្នុងការផ្តោតអារម្មណ៍ ហើយមកធ្វើការមិនទាន់ពេលវេលា នៅក្នុងរដូវកាលប្រកួតបាល់ទាត់ World Cup នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាម វេទិកាបញ្ញាសិប្បនិម្មិត UKG ដែលមានជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស បញ្ជីប្រាក់បៀវត្សរ៍ និងការគ្រប់គ្រងកម្លាំងពលកម្ម បានធ្វើការស្ទង់មតិមនុស្សចំនួន ៨០០០ នាក់ នៅក្នុងប្រទេសអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ម៉ិកស៊ិក ហូឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីវាយតម្លៃផលប៉ះពាល់នៃការប្រកួតបាល់ទាត់ពិភពលោក World Cup លើកន្លែងធ្វើការ។ យោងតាមលទ្ធផលដែលបានចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា បានបង្ហាញថាការប្រកួតបាល់ទាត់ពិភពលោក អាចធ្វើឱ្យក្រុមហ៊ុនសកលខាតបង់ផលិតភាព ១៧ពាន់លានដុល្លារ។
នៅក្នុងការស្ទង់មតិនោះ បានបង្ហាញថា កម្មករ ៣៧% មានគម្រោងកែសម្រួលកាលវិភាគរបស់ពួកគេ ដោយសារតែការប្រកួតបាល់ទាត់ធំបំផុតរបស់ពិភពលោក។ បុគ្គលិក ២៧% ទៀត ទំនងជាមកដល់កន្លែអធ្វើការយឺត ចាកចេញមុន ឬឈប់សម្រាកមួយថ្ងៃ។ ១១% ទៀត បានទទួលស្គាល់ថា ពួកគេប្រហែលជាត្រូវធ្វើការដោយមានអារម្មណ៍អស់កម្លាំង ហើយ ១៤% បាននិយាយថា ពួកគេនឹងមើលការប្រកួតផ្ទាល់ ដោយសម្ងាត់ ក្នុងអំឡុងពេលម៉ោងធ្វើការ។
យ៉ាងណាមិញ UKG បានបង្ហាញឲ្យដឹងទៀតថា ត្រឹមតែអាជីវកម្មអាមេរិកតែមួយ អាចនឹងរងការខាតបង់ផលិតភាពចំនួន ១១,៧ពាន់លានដុល្លារ ដោយសារតែព្រឹត្តិការណ៍ World Cup នេះ។ ហើយប្រទេសអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់លេខពីរជាមួយនឹងការខាតបង់ ១,៣៤ពាន់លានដុល្លារ។
គួរជម្រាបជូនថា ព្រឹត្តិការណ៍ World Cup ឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនេះនឹងមានក្រុមជម្រើសជាតិចំនួន ៤៨ និងការប្រកួតសរុបចំនួន ១០៤ ប្រកួត៕

