អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងចេញពីពន្ធនាគារទាំងស្រុង បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ និងត្រូវបានដកឧបករណ៍តាមដានអេឡិចត្រូនិកចេញពីលោក ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thai Inquirer។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Rutthapol Naowarat បានប្រកាសនៅថ្ងៃទី៣ ខែមិថុនាថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកលែងទោស ដើម្បីអបអរសាទរថ្ងៃកំណើតរបស់ម្ចាស់ក្សត្រីយានី Suthida។ លោកមានសិទ្ធិទទួលបានការដោះលែងភ្លាមៗ និងពេញលេញ ដោយសារទោសរបស់លោកនៅសល់រយៈពេលខ្លីពីការលើកលែង។
គួរឲ្យដឹងថា លោក ថាក់ស៊ីន ត្រូវបានដោះលែងចេញពីពន្ធនាគារនៅដើមខែឧសភា ដោយមានលក្ខខណ្ឌថា លោកត្រូវពាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិក រហូតដល់ចុងបញ្ចប់នៃរយៈពេលសាកល្បងរយៈពេលបួនខែរបស់លោក ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៩ ខែកញ្ញា។
តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីលោក Rutthapol បាននិយាយថា ក្នុងករណីរបស់លោក ថាក់ស៊ីន ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិកអាចត្រូវបានដកចេញភ្លាមៗ។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះក៏លែងត្រូវបានតម្រូវឱ្យរាយការណ៍ជាប្រចាំទៅកាន់ទីភ្នាក់ងារត្រួតពិនិត្យការសាកល្បងទៀត ផងដែរ។
គួរជម្រាបជូនថា នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ តុលាការកំពូលថៃបានសម្រេចថា ការផ្ទេរអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ពីពន្ធនាគារទៅមន្ទីរពេទ្យដើម្បីព្យាបាលនៅឆ្នាំ ២០២៣ គឺជារឿងខុសច្បាប់។ ដូច្នេះលោកត្រូវបាននាំទៅពន្ធនាគារដើម្បីអនុវត្តទោសរយៈពេលមួយឆ្នាំឡើងវិញ ប៉ុន្តែត្រូវបានដោះលែងមុនកាលកំណត់ នៅដើមខែឧសភា៕

