នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ លាង វួចឆេង ហ៊ុនណេង ឧត្ដមភរិយាសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ម្ដាយបង្កើតអ្នកឧកញ៉ា ហ៊ុន តូ បានចាត់ឱ្យលោក ផែង វណ្ណៈ នាំយកថវិកាទៅឧបត្ថម្ភជូនកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យកម្មករ កម្មការិនី ស្លាប់ ១៤នាក់ និងរបួសធ្ងន់របួសស្រាលច្រើននាក់ នៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។

ក្នុងនោះ លោកជំទាវ លាង វួចឆេង ហ៊ុនណេង បានឧបត្ថម្ភថវិកាដល់ អ្នកស្លាប់ចំនួន ១៤ នាក់ ក្នុង១នាក់ ថវិកា ២លានរៀល អ្នករងរបួសធ្ងន់ចំនួន ១៥នាក់ ក្នុង១នាក់ ថវិកា ១លានរៀល អ្នករងរបួសស្រាលចំនួន ៦៧នាក់ ក្នុង ១នាក់ ថវិកា ៥០ម៉ឺនរៀល។
សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង បានបណ្តាលឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល៕



