ក្រុមហ៊ុន PPB Group ដែលជាផ្នែកមួយនៃអាណាចក្រមុខជំនួញរបស់មហាសេដ្ឋីមានដាច់គេម៉ាឡេស៊ី លោក Robert Kuok បានសម្រេចតែងតាំងចៅប្រុសរបស់លោក គឺ Kuok Meng Xiong ជានាយកផ្នែកគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Meng Xiong នឹងឡើងកាន់តំណែងថ្មីនេះជំនួសលោក Lim Soon Huat ដែលជានាយកផ្នែកគ្រប់គ្រងបច្ចុប្បន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ។ លោក Lim នឹងលាលែងចេញពីតំណែងនេះ ហើយត្រូវឡើងទៅកាន់តំណែងជាទីប្រឹក្សាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជំនួសវិញ។
យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន The Edge Malaysia បានបង្ហាញថា ការតែងតាំងនេះគឺជាផ្នែកមួយនៃផែនការបន្តវេនរបស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនត្រកូល Kuok ដោយពួកគេមានទំនុកចិត្តថា លោក Meng Xiong នឹងកសាងលើគ្រឹះដ៏រឹងមាំរបស់ក្រុមហ៊ុន និងដឹកនាំក្រុមហ៊ុនចូលទៅក្នុងជំពូកបន្ទាប់នៃការរីកចម្រើន និងការអភិវឌ្ឍរបស់ខ្លួន។
គួរជម្រាបជូនថា PPB Group និង Shangri-La គឺជាផ្នែកនៃចក្រភពអាជីវកម្មដែលបង្កើតឡើងដោយលោក Robert Kuok ដែលបានជាប់ចំណាត់ថ្នាក់ជាបុគ្គលមានបំផុតរបស់ម៉ាឡេស៊ីអស់រយៈពេលជាច្រើនទសវត្សមកហើយ។ យោងតាមទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Robert មានចំនួន ១៣,៣ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៤ ខែមិថុនា៕

