កម្ពុជា-តួកគីយ៉េ ជួបពិភាក្សាគ្នាស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៥

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ ជាមួយលោក MESUT OZCAN ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារនាឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគីយ៉េ) ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត លើលើវិស័យអប់រំ មនុស្សធម៌ កសិកម្ម សុខាភិបាល ទេសចរណ៍ជាដើម។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអបអរសាទចំពោះ ឯកអគ្គរដ្ឋទូតរបស់តួកគីយ៉េថ្មី ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា វត្តមានរបស់លោកក្នុងបេសកកម្មជា ឯកអគ្គរដ្ឋទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េឱ្យកាន់តែរីកចម្រើនបន្តទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយមនុស្សធម៌នានាដល់កម្ពុជា ជាពិសេសតាមរយៈគម្រោងអភិវឌ្ឍសហគមន៍ ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំចុងក្រោយនេះ និស្សិតកម្ពុជាជាច្រើនបានបញ្ចប់ការសិក្សាពីប្រទេសតួកគីយ៉េ ហើយពួកគេបានត្រឡប់មកវិញ ជាមួយសមត្ថភាព ចំណេះជំនាញគ្រប់គ្រាន់ ក្នុងការបំពេញការងារក្នុងផ្នែកផ្សេងៗ និងជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

តាមរយៈឯកអគ្គរដ្ឋទូតថ្មី លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យតួកគីយ៉េ បន្តគាំទ្រផ្តល់ជំនួយមនុស្សធម៌ផ្សេងៗ អាហារូបករណ៍ ជំរុញអ្នកវិនិយោគមកធ្វើការវិនិយោគលើវិស័យហាឡាល និងកសិកម្ម នៅកម្ពុជា ព្រោះនៅទីនេះកម្លាំងពលកម្មមានតម្លៃទាប ហើយរដ្ឋក៏បានច្បាប់អនុគ្រោះជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ ហើយកាន់តែងាយស្រួលនោះ គឺប្រទេសយើងទាំងពីរ ក៏មានការតភ្ជាប់ជើងហោះហើរត្រង់ផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត MESUT OZCAN វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហគមន៍ឥស្លាមកម្ពុជាទាំងក្នុងឆាកនយោបាយ សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានលើកឡើងថា អង្គការមូលនិធិ Diyanet ដែលបានគាំទ្រសហគមន៍ខ្មែរឥស្លាមជាង៣០ឆ្នាំមកហើយនោះ បានសន្យាថានឹងបង្កើនចំនួនអាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជាផងដែរ។

លោកក៏បានបង្ហើបដែរថា គាត់បានពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីសិក្សា និងការអប់រំសម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមប្រព័ន្ធអប់រំជាតិ។

ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព ដើម្បីពង្រឹង ព្រមទាំងពង្រីកចំណងមិត្តភាពទ្វេភាគីរវាងតួកគីយ៉េ និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕