ក្រុមហ៊ុន OCIC លោកអ្នកឧកញ៉ា ពុង ឃាវសែ ទទួលបានហិរញ្ញប្បទាន ១០០ លានដុល្លារ ពីសាជីវកម្ម​ហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ជុំវិញ​ឧកញ៉ា

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ បានអនុម័ត​ទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នៃក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍របស់ព្រះរាជា​ណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការព្រមព្រៀងទើបត្រូវបានសម្រេច បន្ទាប់ពីការសិក្សាវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមាន សមិទ្ធលទ្ធភាពនៃគម្រោង លើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផល​ប៉ះពាល់​បរិស្ថាន និងសង្គម (ESIA)។ ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យា​និងចូលជាស្ថាពរបាន។

ការសម្រេចបានដ៏សំខាន់នេះ គឺបានមកពីការខិតខំនិងទំនាក់ទំនងរយះពេលជាច្រើនឆ្នាំ រវាងក្រុមហ៊ុនសម្ព័ន្ធ​កាណាឌីយ៉ា និង OCIC ជាមួយស្ថាប័នផ្សេងៗរបស់សហរដ្ឋអាមេរិក រួមមានស្ថានទូតសហរដ្ឋអាមេរិក សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងបណ្តាក្រុមហ៊ុនអាមេរិកជាច្រើនផ្សេងទៀតដូចជា General Electric, OTIS, Caterpillar, Ford និង Apple។

ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC លោកអ្នកឧកញ៉ា ពុង ឃាវសែ បានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយស្វាគមន៍ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ​របស់សហរដ្ឋអាមេរិក (DFC) ក្នុងនាមជាដៃគូក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះគឺជាការប្តេជ្ញា​ចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ដែលគាំទ្រដល់ការ​រីកចម្រើននិងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងពិភពលោក”។

DFC បានបញ្ជាក់ថា “ការវិនិយោគនេះនឹងគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍របស់​ព្រះរាជា​ណាចក្រកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ការសម្រេចបាននេះ បានគូសបញ្ជាក់ពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូដែលមានសមត្ថភាព​ក្នុងការផ្តល់ទុនហិរញ្ញវត្ថុ ជំនាញពិសោធន៍ និងការច្នៃប្រឌិត ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់​បំផុតមួយនេះ​របស់ព្រះរាជាណាចក្រកម្ពុជា”៕