រដ្ឋមន្រ្តីឧស្សាហកម្ម ស្នើឱ្យក្រុមហ៊ុនរថយន្តនៅកម្ពុជា ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី កោតសរសើរជោគជ័យរបស់ក្រុមហ៊ុន Toyota ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈលោកក៏បានស្នើសុំឱ្យក្រុមហ៊ុនរថយន្តនេះ ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុកបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើឱ្យក្រុមហ៊ុនរថយន្តនៅកម្ពុជា ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុកនេះ បានធ្វើឡើងកាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នាឱកាស លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងក្រុមហ៊ុន Toyota (Cambodia) និងរោងចក្រដំឡើងរថយន្តតូយូតា (Toyota Tsusho Manufacturing) ដែលបានបង្ហាញពីវឌ្ឍនភាពនៃការផលិតរថយន្តរបស់ខ្លួននៅកម្ពុជា។

នាឱកាសនោះ តំណាងក្រុមហ៊ុនបានរាយការណ៍ថា ក្រុមហ៊ុនតូយូតាបានចាប់ផ្តើមផលិតរថយន្តម៉ូដែល Hilux និង Fortuner ក្រោមស្លាក “ផលិតនៅកម្ពុជា” ចាប់តាំងពីឆ្នាំ២០២៤ មក។ ក្រុមហ៊ុនក៏បានបង្ហាញកំណើននៃការផលិតគួរឱ្យកត់សម្គាល់ ពី ២៧ គ្រឿងក្នុងមួយខែ នៅពេលសម្ពោធរោងចក្រកាលពី២ឆ្នាំមុន រហូតដល់បច្ចុប្បន្ន ផលិតជាង ៤០០ គ្រឿងក្នុងមួយខែ។

គិតមកដល់ពេលនេះ បើតាមក្រុមហ៊ុនរថយន្តខាងលើ បានបញ្ជាក់ថា បុគ្គលិករបស់ក្រុមហ៊ុនប្រមាណ ៧៧% គឺជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ទន្ទឹមនេះ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក៏បានជួយបង្កើនភាពប្រកួតប្រជែងនៃរថយន្តតូយូតាដំឡើងនៅកម្ពុជា និងបានជំរុញកំណើនលក់របស់ក្រុមហ៊ុនផងដែរ។

សូមជម្រាប់ដែរថា រហូតមកដល់ពេលនេះរោងចក្រដំឡើងរថយន្ដនៅកម្ពុជាមានចំនួន៩ហើយ ដែលរោងចក្រដំឡើង រថយន្ដ២ទៀតអាចនឹង មានរូបរាងឆាប់នេះផងដែរ។នេះបើយោងតាមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៨ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៩ធ្នូឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន