ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។ នេះបើតាមការប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ។

ឧកញ៉ា ណូ សុភា កើតនៅឆ្នាំ១៩៧៩ ក្នុងខេត្តកំពង់ធំ ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា។
សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគម ដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក៏ដូចជាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕



