ផ្លែទុរេនបែកអន្លូង ដែលជាកសិផលដ៏ល្បីល្បាញមួយរបស់ខេត្តកំពង់ចាម ពេលនេះមានសហគមន៍ផ្លូវការហើយ ដើម្បីរួមគ្នាការពារកេរ្តិ៍ឈ្មោះ និងពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ ទាំងក្នុងស្រុកនិងក្រៅប្រទេស។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃវិស័យកសិ-ពាណិជ្ជកម្មនេះ បានស្តែងឡើងក្នុងមហាសន្និបាតកំណើតដំបូងរបស់ «សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង (ស.ទ.ប)» កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
មហាសន្និបាតដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រក្នុងការពិនិត្យ និងអនុម័តលើសេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ និងលក្ខន្តិកៈរបស់សហគមន៍ផលិតករនិងអាជីវករទុរេនបែកអន្លូង ព្រមទាំងការរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មាការប្រតិបត្តិ ដើម្បីដឹកនាំសហគមន៍ឱ្យមានប្រសិទ្ធភាពទៅថ្ងៃអនាគត។

ជាលទ្ធផលផ្លែផ្កា អង្គសន្និបាតកំណើតដំបូងនេះ បានសម្រេចអនុម័តយល់ព្រមយ៉ាងពេញទំហឹងលើលក្ខន្តិកៈរបស់សហគមន៍ និងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់របស់សហគមន៍ ដើម្បីធានាគុណភាពនិងស្តង់ដារតែមួយ។ ជាមួយគ្នានោះដែរ អង្គសន្និបាតក៏បានបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំ ដោយសម្រេចបានប្រធានមួយរូប អនុប្រធានពីររូប និងសមាជិក សមាជិកា គណៈកម្មាការប្រតិបត្តិសហគមន៍ចំនួនប្រាំបីរូប ដើម្បីដឹកនាំដំណើរការការងារតទៅមុខ។
គួរបញ្ជាក់ថា ការលេចរូបរាងឡើងនៃសហគមន៍នេះ គឺជាជំហានគន្លឹះមួយក្នុងការចងក្រងកម្លាំងផលិត ធានាបាននូវតម្លៃកសិផលប្រកបដោយស្ថិរភាព និងត្រៀមលក្ខណៈឈានទៅរកការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលខាងមុខ ដើម្បីការពារផលប្រយោជន៍កសិករ និងអាជីវករខ្មែរជានិរន្តរ៍៕


