ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងតែងតាំងលោក Todd Blanche ដែលធ្លាប់ជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ឲ្យទៅកាន់តំណែងជាអគ្គរដ្ឋអាជ្ញានៃសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមសេតវិមានបានប្រកាសកាលពីថ្ងៃទី៨ ខែមិថុនាថា ជុំវិញការតែងតាំងរបស់លោក Blanche ឲ្យឡើងធ្វើជាអគ្គរដ្ឋអាជ្ញានេះ នឹងត្រូវដាក់ជូនទៅកាន់ព្រឹទ្ធសភា ដើម្បីធ្វើការអនុម័ត។ លោក ត្រាំ បានបង្ហាញពីចេតនាក្នុងការតែងតាំងលោក Blanche នៅក្នុងអំឡុងពិធីជប់លៀងលក្ខណៈឯកជនមួយ នៅសួន White House Rose Garden កាលពីសប្តាហ៍មុន។
គួរឲ្យដឹងថា លោក Blanche បានបម្រើការជាអនុប្រធានរដ្ឋអាជ្ញាចាប់តាំងពីដើមឆ្នាំ២០២៥ និងជាអគ្គរដ្ឋអាជ្ញាស្តីទី បន្ទាប់ពីលោកស្រី Pam Bondi បានចាកចេញពីតំណែង ក្នុងខែមេសា។ ចាប់តាំងពីពេលនោះមក លោកបានជំរុញឲ្យមានការចោទប្រកាន់ជាបន្តបន្ទាប់ប្រឆាំងនឹងគូប្រជែងផ្នែកនយោបាយរបស់លោកប្រធានាធិបតី ត្រាំ ជាច្រើន។
ជម្រាបជូនថា លោក ត្រាំ បានបណ្តេញអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Bondi បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាច្រើនខែជុំវិញការដោះស្រាយរបស់លោកស្រីចំពោះការចេញផ្សាយឯកសាររបស់ក្រសួងយុត្តិធម៌ស្តីពី “មហាសេដ្ឋីរំលោភបំពានកុមារ” Jeffrey Epstein ដែលមានជាប់ពាក់ព័ន្ធជាមួយប្រធានាធិបតីអាមេរិករូបនេះ៕

