កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហប្រតិបត្ដិការអន្តរជាតិរវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិជប៉ុន(Japan Foundation) លោក ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូកម្ពុជា ចំនួន ៣រូប អញ្ជើញទៅទស្សនកិច្ចសិក្សា និងពិភាក្សាការងារ នៅក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់បុគ្គលិកអប់រំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ានចំនួន១០ប្រទេស។

ក្នុងឱកាសជំនួបនោះ មានការទទួលដោយ លោកស្រី CHUMA Ai អ្នកឯកទេសជាន់ខ្ពស់ផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍កិច្ចការអន្តរជាតិ តំណាងក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន។
គួរឱ្យដឹងថា ទស្សនកិច្ចសិក្សា និងពិភាក្សាការងារនេះត្រូវបានរៀបចំឡើងក្នុងផ្ដោតលើគោលបំណងសំខាន់ៗ រួមមាន៖
១) បង្ហាញអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអប់រំប្រទេសជប៉ុន
២) ពិភាក្សាអំពីប្រឈមនៃកំណែទម្រង់វិស័យអប់រំ
៣) ការបង្ហាញអំពីបទពិសោធន៍នៃការផ្ដល់សេវាអប់រំ (Japanese Style Education Tokkatsu) ។

លោកអគ្គលេខាធិការក្រសួងអប់រំ បានពិភាក្សាអំពីការអនុវត្ដជាក់ស្ដែងរបស់ប្រព័ន្ធអប់រំក្នុងប្រទេសជប៉ុនដើម្បីជម្រុញការអភិវឌ្ឍកម្មវិធីសិក្សាដើម្បីស្របតាមការវិវត្ដនៃបរិបទបច្ចុប្បន្ន ការពង្រឹង Reskilling និង Upskilling។ លោកបានលើកឡើងពីការពង្រឹងកម្មវិធីសិក្សានៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតេស្ដរង្វាយតម្លៃអន្តរជាតិPISA និងការបំប៉នបន្ថែមសមត្ថភាពគ្រូបង្រៀន ព្រមទាំងបញ្ហាប្រឈមនានា។
លោកបន្តថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនបាន និងកំពុងបន្តរីកចម្រើនកាន់តែខ្លាំងឡើងដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍយុវជនជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសជប៉ុនតាមរយៈ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (MEXT) និងស្ថាប័ននានា ព្រមទាំងភ្នាក់ងារជប៉ុនជាច្រើន ក្នុងការលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជា។ កម្មវិធីអាហារូបករណ៍ MEXT បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា ដោយបានផ្តល់ឱកាសសម្រាប់និស្សិត និងមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងការបណ្តុះបណ្តាលជំនាញផ្សេងៗនៅប្រទេសជប៉ុន៕

