OpenAI ដាក់ឯកសារស្នើសុំ IPO ដោយស្ងាត់ៗ ក្នុងគោលបំណងបង្កើនតម្លៃមូលធនទីផ្សារដល់ ១ទ្រីលានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT បានប្រកាសថា ខ្លួនទើបតែបានដាក់ឯកសារស្នើសុំលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដោយសម្ងាត់នៅសហរដ្ឋអាមេរិក ចំពេលកំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសំណាក់វិនិយោគិន នៅក្នុងវិស័យ AI ដែលកំពុងរីកចម្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន OpenAI មិនបានបង្ហាញពីទំហំ ឬលក្ខខណ្ឌនៃ IPO នេះទេ ខណៈពេលវេលានៃការចុះបញ្ជីក៏មិនទាន់ត្រូវបានសម្រេចនៅឡើយដែរ។ ក្រុមហ៊ុននេះ នៅតែជឿជាក់ថាពួកគេនៅតែត្រូវការពេលវេលាជាច្រើនទៀតដើម្បីដំណើរការ ពីព្រោះ OpenAI នៅតែជាក្រុមហ៊ុនឯកជននៅឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញការដាក់ឯកសារស្នើសុំដោយសម្ងាត់នេះ គឺអនុញ្ញាតឱ្យក្រុមហ៊ុន OpenAI អាចរៀបចំសម្រាប់ការចុះបញ្ជី IPO ក៏ដូចជាដើម្បីរក្សាព័ត៌មានហិរញ្ញវត្ថុដ៏រសើបជាសម្ងាត់ពីដៃគូប្រកួតប្រជែង និងសាធារណជន។

យ៉ាងណាមិញ​ ពីមុន សារព័ត៌មានជាច្រើនបានរាយការណ៍ថា OpenAI កំពុងមានគោលបំណងវាយតម្លៃ IPO របស់ខ្លួនរហូតដល់ ១ទ្រីលានដុល្លារ ដែលអាចធ្វើឡើងនៅដើមខែកញ្ញាខាងមុខ។ ហើយប្រសិនបើវាអាចសម្រេចបានពិតមែន នោះ OpenAI នឹងក្លាយជាក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ពាន់លានដុល្លារ ក្រោយការចូលទីផ្សារភាគហ៊ុនលើកដំបូង បន្ទាប់ពីក្រុមហ៊ុនអវកាស SpaceX របស់ Elon Musk និង Anthropic របស់ Claude Code ផងដែរ។

គួរជម្រាបជូនផងដែរថា ការចេញលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ទាំងក្រុមហ៊ុន Anthropic និង OpenAI ត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ទីផ្សារបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល ដោយបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោបំផុតនៃយុគសម័យថ្មីនេះ៕​