កញ្ញា គិត ស៊ូណាវីន ទេវី កូនស្រី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យពីសាលា Southbridge International School Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group។

ក្រោយឃើញភាពជោគជ័យរបស់កូនស្រី អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារដ៏មានអត្ថន័យនៅលើបណ្តាញសង្គម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បែបនេះថា៖ “សព្វថ្ងៃនេះ នៅក្នុងចិត្តរបស់ខ្ញុំចំពោះកូនស្រីខ្ញុំ ខ្ញុំឃើញដំណាក់កាលបីនៃជីវិតរបស់គាត់៖ ជាក្មេងស្រីតូច ជានារីវ័យក្មេង និងជាមនុស្សធំដែលកំពុងអភិវឌ្ឍខ្លួន។
ប៉ាចាំថា កាលពីកូននៅតូច កូនកាន់ដៃប៉ា កូនសួរសំណួរមកប៉ាជានិច្ច ហើយជារឿយៗកូនផ្លាស់ប្តូរគំនិតរបស់កូនចំពោះអ្វីដែលកូនចង់ធ្វើនាពេលអនាគត។ ពេលវេលាបានកន្លងផុតទៅដោយស្ងប់ស្ងាត់។ ថ្ងៃនេះ កូនឈរនៅចំពោះមុខយើងក្នុងនាមជាសិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដែលមានទំនុកចិត្ត ឯករាជ្យ និងមានសមត្ថភាព។ ប៉ាមិនត្រឹមតែមានមោទនភាពក្រៃលែងចំពោះសមិទ្ធផលរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែប៉ាក៏មានមោទនភាពយ៉ាងខ្លាំងចំពោះកូនដែលបានក្លាយជាមនុស្សមានចិត្តសប្បុរស មានភាពធន់ និងក្លាហាន”។
អ្នកឧកញ៉ា បានបន្តថា ការបញ្ចប់ការសិក្សាផ្តល់ទាំងក្តីរីករាយ និងក្តីបារម្ភសម្រាប់ឪពុកម្តាយគ្រប់រូប។ យើងអបអរសាទរភាពជោគជ័យរបស់កូនៗយើង ហើយក្នុងពេលជាមួយគ្នានេះ យើងក៏ដឹងដែរថាពួកគេកំពុងពឹងផ្អែកលើយើងតិចជាងមុន។ ទោះយ៉ាងណា គោលបំណងរបស់ឪពុកម្តាយគឺផ្តល់ឱ្យកូននូវក្តីស្រទ្បាញ់ ការគាំទ្រ សុវត្ថិភាព សេរីភាព និងទំនុកចិត្ត។
«កូនស្រីរបស់ប៉ា អនាគតរបស់កូនគឺពោរពេញដោយកាលានុវត្តភាព។ ទោះកូនទៅទីណា កូនធ្វើអ្វី ឬមានអ្វីកើតទ្បើងចំពោះកូន ចូរកូនចាំថាគ្រួសារយើងនឹងនៅតែគាំទ្រ លើកទឹកចិត្ត និងជឿជាក់លើកូនជានិច្ច។ អបអរសាទរការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់កូនស្រី ស៊ូណាវីន។ ទំព័រជីវិតរបស់កូនទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយមិនថាកូនទៅឆ្ងាយប៉ុនណា ឬពេលវេលាកន្លងផុតទៅរយៈពេលប៉ុន្មាននោះទេ កូននឹងនៅតែជាក្មេងស្រីតូច ដែលកាន់ដៃប៉ា ហើយស្ថិតក្នុងដួងចិត្តរបស់ប៉ាជារៀងរហូត”។ អ្នកឧកញ៉ា បានបន្ថែម។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានបុត្រាបុត្រីចំនួន ៤នាក់គឺ កូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា បច្ចុប្បន្នកំពុងកាន់តួនាទីជា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ, កញ្ញា គិត ស៊ូរៀរង្សី, កញ្ញា គិត ស៊ូណាវីន ទេវី និងកូនប្រុសពៅ គិត ស៊ូឡុង៕













