សម្តេចតេជោ៖ ការប្រើប្រាស់កម្លាំងដោះស្រាយបញ្ហាព្រំដែន គឺមិនមែនជាជម្រើសរបស់កម្ពុជានោះទេ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋស្តីទីកម្ពុជា បានបញ្ជាក់ជាថ្មីថា ការប្រើប្រាស់កម្លាំងដោះស្រាយបញ្ហាព្រំដែន គឺមិនមែនជាជម្រើសរបស់កម្ពុជានោះទេ ហើយសម្តេចក៏សូមផ្ដាំទៅកាន់អ្នកសារព័ត៌មានថៃដែលផ្សព្វផ្សាយមិនពិត បង្កើតការយល់ច្រឡំ សូមបើកមើលវីដេអូឡើងវិញ។នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ទីរអង្គភាពនានាខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

សម្តេចតេជោ បន្តថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី តែហេតុអ្វីបានជាសារព័ត៌មានថៃ យកទៅផ្សាយដែលបកស្រាយខុសការពិត ជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលវាមិនមានការចំណេញអ្វី ដល់ការដោះស្រាយបញ្ហានោះទេ។

សម្តេចតេជោ បញ្ជាក់ថា៖«ខ្ញុំគ្រាន់តែលើកឡើងចោទជាសំណួរ នូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដី ដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ ខ្ញុំបានសង្កត់ធ្ងន់ថា ជម្រើសទី ១ គឺការប្រើកម្លាំងយោធាកម្ពុជា មិនត្រូវការឡើយ តែខ្ញុំ បានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរ នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមយន្តការច្បាប់អន្តរជាតិ»។

យ៉ាងណាមិញ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើថៃពិតជាមិនបានឈ្លានពានកម្ពុជាមែន ថៃត្រូវហ៊ានចូលមកវាស់វែង និងបោះបង្គោលព្រំដែនឡើងវិញ ដោយផ្អែកតាមច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ៕ អត្ថបទ៖ហ្សាលីន