កម្ពុជា-កូរ៉េ ប្តេជ្ញាអភិវឌ្ឍវិស័យការងារ និងកសាងធនធានមនុស្ស ដើម្បីបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីអភិវឌ្ឍវិស័យការងារ និងការកសាងធនធានមនុស្ស សំដៅឈានទៅបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគ។នេះបើយោងតតាមជំនួបពិភាក្សារវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករ និងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ខណៈលោកថាជំនួននេះ គឺជាការបើកឱកាសនេះបានធ្វើឱ្យប្រទេសកូរ៉េក្លាយជាក្តីស្រមៃមួយរបស់ពលរដ្ឋកម្ពុជា ដោយសារថៅកែមានចិត្តល្អ ទទួលបានប្រាក់ឈ្នួលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងត្រឡប់មកវិញជាមួយនឹងជំនាញច្បាស់លាស់។

លោកក៏បញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ និងការរួមចំណែកដ៏សំខាន់របស់កូរ៉េក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET), សុវត្ថិភាព និងសុខភាពការងារ, ការអភិវឌ្ឍសេវាកម្មការងារ និងប្រព័ន្ធឌីជីថល ក៏ដូចជាវិស័យសន្តិសុខសង្គម និងការស្តារសមត្ថភាពឡើងវិញជាដើម។

ជាការឆ្លើយតប លោកគីម ឆាងយ៉ុងមានប្រសាសន៍ថា បានបញ្ជាក់ថា បេសកកម្មការទូតរបស់លោក នៅកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ផូរផង់និងសម្បូរបែប ដែលទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនឹងឈានដល់ខួប​៣០ឆ្នាំ នៅឆ្នាំ២០២៧ ខាងមុខ។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ យ៉ាងសកម្មជាពិសេសលើផ្នែកអភិវឌ្ឍធនធានមនុស្ស។

សូមជម្រាបដែរថា ដោយមើលឃើញពីភាពជោគជ័យនៃក្រុមការងារនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតក្រុមការងារមួយលើយន្តការដែលមានស្រាប់ ដើម្បី ដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងនិយោជក និងកម្មករនិយោជិតផងដែរ។ ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា ហើយបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាព ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យការងារ ជាមួយនឹងការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូដ៏រឹងមាំនេះនឹងបន្តនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន