លោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកចំណូលបានប្រមាណ ៣៧៣ពាន់លានរៀល ឬស្មើនឹងប្រមាណជាង៩០លានដុល្លារ ពីការលក់ទឹកស្អាតប្រមាណជាង២៣១ម៉ែត្រគូបដល់អតិថិជន និងទទួលបានប្រាក់ចំណេញ ប្រមាណជាង៩៤ពាន់លានរៀល ឬប្រមាណជាង២៣លានដុល្លារ។
ការបញ្ជាក់បែបនេះរបស់លោក ឯក សុនចាន់ គឺធ្វើឡើងនៅក្នុងឱកាសមហាសន្និបាតភាគហ៊ុនិកលើកទី១៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងមហាសន្និបាតភាគហ៊ុនិក បានសម្រេចអនុម័តបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួនជាង២៨ពាន់លានរៀលឬប្រមាណជាង៧លានដុល្លារជូនភាគហ៊ុនិក ជូនភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះទឹកប្រាក់ចំនួន៤.៣០៥.១៧១.៧៥០រៀល(ប្រមាណជាង១លានដុល្លារ) ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិក ឯកជន និងទឹកប្រាក់ចំនួន២៤.៣៩៥.៩៧១.៧១០រៀល(ប្រមាណជាង៦លានដុល្លារ) ជាភាគលាភរបស់រដ្ឋដែលតំណាងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ភាគលាភនេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទឹកប្រាក់ចំនួន ៣៣០រៀល/ភាគហ៊ុន។
ទន្ទឹមគ្នានេះមហាសន្និបាតភាគហ៊ុនិក បានអនុម័តលាភការរបស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន៧រូប និងមន្ត្រីត្រួតពិនិត្យរដ្ឋអម រ.ទ.ស.ភ ចំនួន១រូប សម្រាប់ឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុបចំនួន១.១០៧.៩៧៩.១៥២រៀល។
លោក ឯក សុនចាន់ បានគូសបញ្ជាក់ថា លទ្ធផលខាងលើនេះឆ្លុះបញ្ចាំងឱ្យឃើញថា ភាគហ៊ុនិកទាំងអស់នៅតែបន្តឆន្ទៈគាំទ្រ និងផ្តល់ទំនុកចិត្ត យ៉ាងមុតមាំ មកលើដំណើរការធុរកិច្ចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រង និងចាត់ចែងអង្គភាពផងដែរ៕




