៥ខែនេះ កម្ពុជាទទួលទេសចរអន្តរជាតិជាង២លាន ៦សែននាក់ កើនជាង២២%

សង្គម​ និង​សេដ្ឋកិច្ច

គិតចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ២,៦៤០,៩៩៩នាក់ កើនឡើង២២.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។នេះបើតាមប្រភពក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមទេសចរជាង២លាននាក់នេះ មានភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦ ៤៣៥ នាក់ ផ្លូវគោកប្រមាណ ១ ៦១២ ៥៤៧ នាក់ និងផ្លូវទឹកប្រមាណ ៤២,០១៧ នាក់។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១,៩០៦,៨០០នាក់ កើនឡើង៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

គោលដៅទេសចរណ៍ធំៗដូចជា រាជធានីភ្នំពេញ ទទួលបានទេសចរប្រមាណ ១,០៩០,៤៣៤ នាក់ ,ខេត្តសៀមរាប ប្រមាណ ៤៧២,២៥៨ នាក់, តំបន់ឆ្នេរ ប្រមាណ២៤១,២៧៣ នាក់, តំបន់អេកូទេសចរណ៍ ប្រមាណ ១៨,៧៩៨ នាក់ និងតំបន់ផ្សេងៗទៀត ប្រមាណ ៨៤,០៥៣ នាក់។

សូមជម្រាបជូនផងដែរថា ប្រទេសទាំង ១០ ដែលមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេមានដូចជា ១, ប្រទេសថៃ ២, ប្រទេសវៀតណាម ៣,  ប្រទេសចិន៤, ប្រទេសឡាវ ៥, សហរដ្ឋអាមេរិក ៦, ប្រទេសកូរ៉េខាងត្បូង ៧, ប្រទេសឥណ្ឌូនេស៊ី ៨, ប្រទេសបារាំង ៩, ចក្រភពអង់គ្លេស និង ១០, ប្រទេសជប៉ុន៕